ប៉ូលិសចរាចរណ៍ខេត្តកំពង់ស្ពឺ បំភ្លឺរឿងផាកពិន័យឡានមួយគ្រឿង ចំនួន១៥ម៉ឺនរៀល ដែលផ្ទុកលើសទម្ងន់
កំពង់ស្ពឺ៖ក្រោយមានការរិះគន់លើបណ្តាញសង្គម Facebook រួចមក , ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចេញមកបំភ្លឺ ថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩៖៥នាទីព្រឹក មានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2BF-7993 ដែលបើកបរដោយឈ្មោះ សៅ ប៉ិច ពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកបរពីទិសខាងលិច ទៅទិសខាងកើត ។

មកដល់ចំណុចភ្លើងស្តុបមន្ទីរសាធារណការខេត្តកំពង់ស្ពឺ រថយន្តបានដឹកខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កអោយមានគ្រោះថ្នាក់ជាយថាហេតុ ដែលកម្លាំងនគរបាលចរាចរណ៍កំពុងត្រួតពិនិត្យអនុវត្តច្បាប់នៅទីនោះ បានឃាត់អោយចូលគោលដៅ ។
យោងតាមអនុក្រឹត្យលេខ ៣៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មាត្រា ៧ថ្មី ត្រង់ចំណុច ៣.(ណ).បើកបរផ្ទុកទំនិញល្មើសនឹងចំណុចទី១ ទី២ ទី៣ ទី៤ ទី៥ មាត្រា៥៦ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវផាកពិន័យចំនួន ១៥០.០០០ រៀល ចំពោះរថយន្តធន់ស្រាល តាមច្បាប់កំណត់ ៕


