លោក ឆាយ សុជាតិ ហៅនី មេប៉ុស្តិ៍ដើមកកោះ ហ៊ានអនុញ្ញាតឲ្យពលករខ្មែរ៨នាក់ ឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ស្របពេលកម្ពុជាកំពុងទប់ស្កាត់ជំងឺកូវីដ១៩
បន្ទាយមានជ័យ៖ពលករខ្មែរ៨នាក់ បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងដើមកកោះ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែត្រូវបានកម្លាំងប្រតិបត្តិការផ្នែកសឹករងក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ ។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ ដែល CPNS NEWS ទើបទទួលបាននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នេះ បញ្ជាក់ថា អ្នកដឹកពលករលួចឆ្លងដែនពីប្រទេសថៃមកកម្ពុជា តាមច្រករបៀងដើមកកោះ នេះ សារភាពថា លោក ឆាយ សុជាតិ ហៅនី មេប៉ុស្តិ៍ដើមកកោះ ជាអ្នកអនុញ្ញាតឲ្យឆ្លងដែនចូលមកទឹកដីកម្ពុជា ។

សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែមានការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក៏កំពុងតែមានការរឹតបន្តឹងយ៉ាងខ្លាំងចំពោះការឆ្លងដែនពីប្រទេសថៃមកកម្ពុជា ជាពិសេសទៅលើពលករ លួចឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ ផងដែរ ។

យោងតាមចម្លើយសារភាពទាំងនេះ បង្ហាញថា លោក ឆាយ សុជាតិ ហៅនី មេប៉ុស្តិ៍ដើមកកោះ បានប្រព្រឹត្តអំពើពុករលួយ ដោយអនុញ្ញាតឲ្យពលករខ្មែរពីប្រទេសថៃឆ្លងដែនចូលកម្ពុជា ស្របពេលដែលអាជ្ញាធរកំពុងតែរឹតបន្តឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ជុំវិញបញ្ហានេះ សង្ឃឹមថា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នឹងបើកការស៊ើបអង្កេតទៅលើលោក ឆាយ សុជាតិ ហៅនី មេប៉ុស្តិ៍ដើមកកោះ «តើពិតជាបានអនុញ្ញាតឲ្យពលករខ្មែរឆ្លងដែនពីប្រទេសថៃ មកកម្ពុជាពិតមែនដែរឬទេ» ? ៕


