យុវជន២នាក់ជិះម៉ូតូគេចពីក្មេងស្ទាវដេញវាយជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ…

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាងនិងម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនគេចពីក្រុមក្មេងស្ទាវមួយក្រុមទៀតជិះម៉ូតូដេញវាយពីក្រោយបណ្ដាលឱ្យជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៧ខែមិថុនាឆ្នាំ ២០២១នៅចំណុចក្រោមស្ពានអាកាស៧ មករាតាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ជនរងគ្រោះម្នាក់បានប្រាប់ឱ្យដឹងថា ៖ មុនកើតហេតុពួកគេមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GT-7985ទើបនឹងចេញពីផឹកស៊ីជាមួយមិត្តភក្កិនៅម្ដុំពោធិ៍ចិនតុង ហើយក៏បានត្រឡប់ទៅកន្លែងស្នាក់នៅវិញនៅម្តុំដឺមុិច ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតខណ:ដល់ចំណុចស្ពានអាកាសសាដីហុយ ក៏មានក្មេងស្ទាវមួយក្រុមគ្នា៣ នាក់ជិះម៉ូតូម៉ាកហុងដាបីតមួយគ្រឿងមិនចាំស្លាកលេខបានកាន់មួកសុវត្តិភាពជាប់និងដៃរួចដេញវាយពួកគេរហូតមកដល់ចំណុចកើតហេតុខាងលើធ្វើ ពួកគេភ័យស្លន់ស្លោជិះគេចឱ្យរួចខ្លួនក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងរបួសបាក់ជើងម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាល។ចំណែកក្មេងស្ទាវមួយក្រុមដែលជាជនដៃដល់បាននាំគ្នាជិះគេចខ្លួនបាត់អស់។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតហេតុរួចឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងចំណែកម៉ូតូសមត្ថកិច្ចឱ្យយកទៅធ្វើការជួសជុលដោយខ្លួនឯង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram