ដីព្រៃជើងភ្នំ១៤ហិកតា មន្ត្រីជំនាញដកហូតជាសម្បត្តិរដ្ឋ….


កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក ជួន សំអុល ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រចាំការនៅឃុំក្បាលទឹក ស្រុកទឹកផុស បានបញ្ជាក់តាមទូរសព្ទឱ្យដឹងថា៖ ដីព្រៃឈើតាមជើងភ្នំចំនួន ១៤ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុសដែលម្ចាស់កសិដ្ឋានចិញ្ចឹមចៀម លោក ប៊ុន ចាន់វីរៈ និងលោក ខូវ គៀត លួចឆាយ និងព័ទ្ធរបងយកជាកម្មសិទ្ធិថ្មីៗនេះកាលពីថ្ងៃទី២២ ខែមិថុនានេះ។ មន្ត្រីជំនាញបានហៅមកសាកសួរបំភ្លឺនៅទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រចាំឃុំជៀប ហើយពួកគេទាំង២នាក់កូន និងឪពុក បានស្ម័គ្រចិត្តធ្វើកិច្ចសន្យាប្រគល់ដីដែលបានឈូសឆាយខាងលើនេះ ជូនមកស្នាក់ការការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់គ្រប់គ្រងវិញហើយ។ ប៉ុន្តែថ្ងៃក្រោយបើមានការលួចឈូសឆាយបន្តទៀតបំពានកិច្ចសន្យាខាងលើនេះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។
លោក ជួន សំអុល បានបន្តថា៖ តាមការបំភ្លឺរបស់លោក ប៊ុន ចាន់វីរៈ និងលោក ខូវ គៀត បញ្ជាក់ថា ដី នេះមួយចំនួនលោកបានទិញពីគេ និងមួយចំនួនទៀត លោកបានដោះដូរពីគេ ទើបលោកឈូសឆាយព័ទ្ធរបងយក។
ករណីនេះ តាមច្បាប់ត្រូវធ្វើការពិន័យនូវការខូចខាតទៀតផង ដូចជាតម្រូវឱ្យដាំដើមឈើឡើងវិញជាដើម។ តែនេះតាមការសម្របសម្រួល និងការភ្ញាក់រលឹកស្ម័គ្រចិត្ត ទើបមន្ត្រីជំនាញគ្រាន់តែសំណូមពរលោក ប៊ុន ចាន់វីរៈ
និងលោក ខូវ គៀត ឱ្យបោះរបងព័ទ្ធដីរបស់ខ្លួនដែលមានប័ណ្ណឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ក្នុងកិច្ចការពារគ្រប់គ្រងដែនជម្រកសត្វព្រៃរបស់រដ្ឋ។


ដោយឡែក លោក ឡេង សំអេត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឆ្លើយបញ្ជាក់តាមទូរសព្ទនៅថ្ងៃទី២៥ ខែមិថុនានេះយ៉ាងខ្លីថា អ្នកសារព័ត៌មានចង់ដឹងច្រើនម៉្លេះ រឿងនេះលោកបានមានចំណាត់ការតាមផ្លូវច្បាប់ និងបានរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីរួចហើយ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរិះគន់ថា គេលួចឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃរបស់រដ្ឋអស់ជាច្រើន ហិកតាប៉ុណ្ណឹងហើយ បែរជាចំណាត់ការគ្រាន់ធូររលុង គ្រាន់តែដកហូតដីមកវិញ និងធ្វើកិច្ចសន្យាបញ្ចប់ទៅវិញយ៉ាងរលូន ដោយមិនធ្វើការផាកពិន័យ ឬដាក់ទោសទណ្ឌអ្វីឡើយ។ ចំណាត់ការបែបនេះដូចជាធូរស្រាលពេកហើយមិនត្រឹមត្រូវនោះទេ។ ដូចនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយធ្វើអធិការកិច្ចក្នុងករណី ខាងលើនេះតាមផ្លូវច្បាប់ផង ដើម្បីជាការព្រមានកុំឱ្យជនខិលខូចដទៃ ទៀតយកគំរូតាម។ ដូចជារឿងនេះបើអ្នកកាសែតចុះផ្សាយទើបជំនាញចាត់ការ តែបើអ្នកកាសែតមិនចុះផ្សាយទេនោះគឺស្ងាត់ជ្រាបរហូត។
រឿងដោយឡែកមួយទៀត ប្រជាពលរដ្ឋនៅក្នុងឃុំក្បាលទឹក និងនៅក្នុងឃុំអមលាំង សំណូមពរដល់ស្ថាប័នថ្នាក់ជាតិ មេត្តាជួយអន្តរាគមន៍ លើការស្នើសុំជួសជុលផ្លូវប្រវែង ៤គីឡូម៉ែត្រ ដែលម្ចាស់កសិដ្ឋានចិញ្ចឹមជៀមទាំង២នាក់ខាងលើបានបិទ ផ្លូវអស់រយៈពេលជាង៥ឆ្នាំកន្លងមក។ ព្រោះផ្លូវចាស់ដែលអាជ្ញាធរបានបើកឡើងវិញនៅក្នុងឆ្នាំ២០២០នោះ មួយចំនួនបានដុះព្រៃខ្ពស់ៗមិនអាចធ្វើដំណើរបាន និងផ្លូវចាស់មួយចំនួនត្រូវបានម្ចាស់កសិដ្ឋានខាងលើដាំដំណាំ និងសង់សំណង់រឹង។ ចំណែកផ្លូវថ្មីដែលម្ចាស់កសិដ្ឋានខាងលើបានកសាងនិងកំពុងធ្វើដំណើររៀងរាល់ថ្ងៃនោះ គឺគេបិទមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបានឡើយ។ ឯសំណើសុំជួសជុលផ្លូវចាស់របស់ប្រជាពលរដ្ឋបាន ដាក់ជូនអាជ្ញាធរស្រុក និងខេត្តជិតមួយឆ្នាំហើយ គឺអាជ្ញាធរស្រុក និងខេត្តមិនទាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋជួសជុលផ្លូវចាស់ប្រើប្រាស់វិញនៅឡើយទេ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram