ការងារកែលម្អកំណាត់ផ្លូវមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ត្រូវបានបញ្ចប់…
ខេត្តសៀមរាប៖ កំណាត់ផ្លូវសំខាន់ៗមួយចំនួននៅក្នុងវង់តូច និងវង់ធំនៃរមណីយដ្ឋានអង្គរ ត្រូវបានបញ្ចប់ការជួសជុលកែលម្អសោភណភាព ដោយអ៊ុតកៅស៊ូស្រទាប់ទី២ រួចរាល់ទាំងស្រុង។

យោងតាមនាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិ អប្សរា បានឲ្យដឹងថា៖ ផ្លូវដែលបានកែលម្អ ក្នុងរមណីយដ្ឋានអង្គរ រួមមាន ១- ការអ៊ុតផ្លូវវង់ធំ ចាប់ពីមុខប្រាសាទប្រែរូប រហូតដល់ប្រាសាទមេបុណ្យខាងកើត ប្រវែង១.៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។ ២- ការអ៊ុតផ្លូវជុំវិញប្រាសាទបាយ័ន្ត ប្រវែង១.០២៤ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។
៣- ការអ៊ុតផ្លូវ ពីខាងជើងប្រាសាទបាយ័ន្តដោយវាងមុខព្រះលានជល់ដំរី ទៅដល់ខ្លោងទ្វារដីឆ្នាំង ប្រវែង ១.៤២៧ ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។

ក្នុងនោះផងដែរ អាជ្ញាធរជាតិអប្សរាក៏កំពុងអ៊ុតបេតុងកៅស៊ូ AC កែលម្អកំណាត់ផ្លូវផ្សេងៗ ទៀត ក្នុងតំបន់អង្គរជាបន្តបន្ទាប់ ឱ្យរួចរាល់រួចរាល់មុនដំណាច់ឆ្នាំ២០២១ នេះ ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា៖ គម្រោងជួសជុលផ្លូវក្នុងតំបន់អង្គរនេះគឺជាគម្រោងផ្ទាល់របស់អាជ្ញាធរជាតិអប្សរា មិនស្ថិតនៅក្នុងគម្រោងផ្លូវ ៣៨ ខ្សែនោះទេ៕




