ស្រាថ្នាំ តាំង គួយ ជិត៣ម៉ឺនដប ត្រូវបានកិនកម្ទេចចោល បន្ទាប់ពីមនុស្សជិត១០នាក់បានពុល .ស្លា .ប់.

បន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានកិនកម្ទេចស្រាថ្នាំយីហោ តាំង គួយ ជិត៣ម៉ឺនដប នៅមន្ទីរពិសោធន៍ខ្នាតតូច ក.ប.ប ខេត្តបន្ទាយមានជ័យ ដែលជាប្រភេទស្រាថ្នាំមានជាតិពុល(មេតាណុលខ្ពស់) បង្កឱ្យអ្នកទទួលទានស្លាប់ជិត ១០នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ។


លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ ស្រាថ្នាំតាំងគួយនេះ ត្រូវបានប្រមូលនៅតាមទីផ្សារ តាមតូប ផ្ទះ ដែលបានដាក់តាំងលក់ នៅក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ២៣១៣យួរ ស្មើនឹង ២៧៧៥៦ដប ស្មើនឹង ១៣៨៧៨លីត្រ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០។


ស្រានេះមានសារធាតុមេតាណុលខ្ពស់ហួសកម្រិតដល់ទៅ ១៤ភាគរយ។ សារធាតុមេតាណុលនេះ អនុញ្ញាតអាចដាក់បានតែក្រោម ០.២ភាគរយ ប៉ុណ្ណោះនៅក្នុងស្រា។ ដោយមេតាណុលលើសកម្រិត បានបង្កឱ្យមានសារធាតុពុល បានធ្វើឱ្យមនុស្សដែលទទួលទានស្លាប់ចំនួន ៧នាក់ ក្នុងនោះមានជនជាតិថៃ ១នាក់បានស្លាប់ និងមានអ្នករងរបួសជាច្រើននាក់ នៅក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងករណីនេះ បន្ទាប់ពីធ្វើការស្រាវជ្រាវ ប្រមូលស្រាថ្នាំតាំងគួយរួចមក ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យបំផ្លាញចោលស្រាថ្នាំស្របតាមនីតិវិធី ទើបមន្ត្រីជំនាញ ក.ប.ប សម្រេចយកទីកិនបំផ្លាញចោលនៅពេលនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram