បុរសម្នាក់ជិះចុះពីលើស្ពានស្ទឹងមានជ័យលឿនពេកជ្រុលទៅបុកខឿនផ្លូវ…

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅព្យាបាលភ្លាមៗ បន្ទាប់ពីជិះម៉ូតូដឹកអីវ៉ាន់យ៉ាងលឿនចុះពីស្ពានអាកាសស្ទឹងមានជ័យជ្រុលទៅបុកខឿនផ្លូវពេញទំហឹង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីកន្លែងកើហេតុបានឱ្យដឹងថា៖ មុនកើហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក SUZUKI Viva ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BZ-3271ធ្វើដំណើរចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុដែ់លជាកន្លែងផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូដួលត្រឡប់ត្រឡិន សន្លប់ស្ដួកស្ដឹងនៅនឹងកន្លែង រីឯម៉ូតូរងការខូចខាតតិចតួច ។


ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅក្បែរកន្លែងនោះបានទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ អូសយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំប្រគល់ជូនម្ចាស់និងសាច់ញាតិនៅពេលក្រោយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram