បើគ្មានឧបសគ្គការងារស្តារពើកនៅសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេល៣ខែខាងមុខ
ខេត្តសៀមរាប៖ ប្រសិនបើគ្មានឧបសគ្គទេ ការងាស្តារពើក និងស្មៅ ដែលកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជាកំប្លោក ស្លែ កកនៅក្នុងទឹករយៈពេលយូរ នៅក្នុងសិន្ធុ នៃក្រុងអង្គរធំ នឹងបញ្ចប់នៅរយៈពេល៣ខែខាងមុខទៀត។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនានេះថា៖ ចាប់តាំងពីថ្ងៃអនុវត្តការងារស្តារពើកជំហានដំបូង កាលពីថ្ងៃទី២៦ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងារបានធ្វើការងារស្តារពើកស្មៅបានចំនួនជាង១៥.០០០ម៉ែត្រក្រឡា ពោលគឺអាចបញ្ចប់នារយៈពេល៣ខែខាងមុខ បើសិនជាមិនមានបញ្ហារាំងស្ទះណាមួយកើតឡើង។ ការងារនេះមិនអាចធ្វើលឿនទៅបាន ដោយសារពើកមានសភាពក្រាស់ ធ្ងន់ និង មានសត្វអាសិរពិស និងសត្វឈ្លើងនៅក្នុងពើក ដែលជាបញ្ហាប្រឈមខ្លះៗ សម្រាប់ក្រុមការងារចុះកាប់ពើក។

លោកបន្តទៀតថា៖ ក្រោយពេលការងារស្តារពើកស្មៅដ៏ក្រាស់នេះ រួចរាល់ រំពឹងថាបរិស្ថាន និងសោភណភាពនៅបរិវេណសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងប្រែជាស្រស់ស្អាតឡើងវិញ ហើយក៏ជាទីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅទីនោះ។
សូមជម្រាបផងដែរថា៖ ការងារស្ដារពើកជាជំហានដំបូងនេះ ធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមគំនិតផ្តួចផ្តើមនិងជួយឧបត្ថម្ភ ដោយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរសជនមួយចំនួនទៀត៕



