អាល់កុលក្លែងក្លាយជិតពីរម៉ឺនលីត្រត្រូវបានបំផ្លាញចោល …
ភ្នំពេញៈ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញនិងបំផ្លាញចោល អាល់កុលក្លែងក្លាយ ឬមេតាណុលសរុបចំនួន ១៨,០០០លីត្រ ឬស្មើ ១៨តោន នៅទីលានចាក់សំរាមដែលស្ថិតនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីបំផ្លាញចោលដែលបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែឧសភានោះដោយមានការឯកភាពពីស្ថាប័នអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.បនិងមន្ត្រីរដ្ឋបាល ខណ្ឌដង្កោ ដែលសារធាតុមេតាណុលទាំងនេះ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប ត្រួតពិនិត្យឃើញនិងរឹបអូសពីតាម បណ្តាឃ្លាំងស្តុក មធ្យោបាយដឹកជញ្ជូន និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងសុចរិតភាពដោយគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្ពស់ជាងផលចំណេញរបស់ខ្លួន។ ក.ប.បបានអំពាវនាវថែមទៀតទៅដល់សាធារណជនដែលជាអ្នកប្រើប្រាស់សូមពិនិត្យនិងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញានិងប្រភពត្រឹមត្រូវច្បាស់លាស់មុននឹងសម្រេចចិត្តជាវអាល់កុលឬជែលយកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ។
សូមបញ្ជាក់ថា អាល់កុល ឬអេតាណុល គឺជាសារធាតុដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគពិសេសក្នុងដំណាក់ កាលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឲ្យតម្រូវការប្រើប្រាស់មានការកើនឡើងខ្ពស់ជាហេតុនាំឱ្យមានបុគ្គល ឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល មកលក់ជូនប្រជាពលរដ្ឋដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគជាដើម។ សារធាតុគីមីមេតាណុល គឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត៕




