មនុស្សជាងប្រាំមួយពាន់នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតសារធាតុញៀនគ្រប់ប្រភេទជិត ៧០០គីឡូក្រាម …
ភ្នំពេញៈ មនុស្សជាងប្រាំមួយពាន់នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតសារធាតុញៀនគ្រប់ប្រភេទជិត ៧០០គីឡូក្រាម នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល ៥ខែ គិតចាប់ពីពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់គណៈ កម្មការ ទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿង ញៀនខុសច្បាប់បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា បង្ក្រាបបាន ២៧៩៤ករណី , ឃាត់ខ្លួនមនុស្សចំនួន ៦៣៦៩នាក់ (ស្រី ៣៥៩នាក់) ក្នុងនោះមានជនបរទេសចំនួន ៧៩នាក់ ស្រី ៦នាក់ មាន៨សញ្ជាតិ។ ករណីជញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបាន ១៨៤៦ករណី ឃាត់ខ្លួនមនុស្ស ៣៦០១នាក់ (ស្រី ២៦២នាក់)។ ករណីប្រើប្រាស់បង្ក្រាបបាន ៩៤៨ករណី , ឃាត់ខ្លួនមនុស្ស ២៧៦៨នាក់ (ស្រី ៩៧នាក់) និងអនុវត្ដន៍ដីកាចំនួន ១៨៣ដីកា ឃាត់ខ្លួនមនុស្សចំនួន ១៦៩នាក់ (ស្រី ៦នាក់) ។

របាយការណ៍បានបញ្ជាក់ថា សារធាតុញៀនគ្រប់ប្រភេទដកហូតបានចំនួន ៦៩១ គីឡូក្រាម ៩០២,០៤ក្រាមនិងកញ្ឆា ១៤ ៦៩៥ដើម កញ្ឆាសួត ៦៣គីឡូ១០៦ក្រាម។សម្ភារចាប់យកមាន រថយន្ដ ៣៨គ្រឿង ម៉ូតូ ៦៤៣គ្រឿង ទូរស័ព្ទ ២ ២៨៧គ្រឿង ជញ្ជីង ១០៤គ្រឿង អាវុធខ្លី ២ដើម អាវុធវែង ១៨ដើម(កែច្នៃ១១ដើម)។ លុយខ្មែរ ៨ ៣៩៤ ២០០រៀល, លុយអាមេរិក ១ ២៦៤ដុល្លារ, លុយថៃ ២៤ ១២០បាត និងលុយវៀតណាម ២១ ០០០ដុង៕









