ប៉េអឹមឃាត់រថយន្ត ០២គ្រឿង និងមនុស្សចំនួន០៤នាក់…
ព្រះសីហនុ៖ នៅវេលាម៉ោង ១៤និង០០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី មូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម ដឹកនាំដោយលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម ធ្វើការចុះឃាត់រថយន្ត ចំនួន០២គ្រឿង និងមនុស្សចំនួន០៤នាក់ សង្ស័យពាក់ព័ន្ធករណីលួចដឹកកូនគ្រែងឈាម ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅចំណុចភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពីបានឃាត់និងត្រួតពិនិត្យរថយន្តខាងលើ សមត្ថកិច្ចជំនាញ បានរកឃើញវត្ថុតាង កូនគ្រែងឈាម ចំនួន១,៩០០គីឡូក្រាម (ក្នុង០១គីឡូក្រាម ប្រមាណជា ៥០.០០០គ្រាប់) និងត្រូវបានក្រុមការងារខណ្ឌរដ្ឋបាលជលផល ដឹកយកទៅប្រលែងនៅក្នុងតំបន់សហគមន៍ព្រៃនប់ទី២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នមន្ត្រីជំនាញនៃរដ្ឋបាលជលផល បានឲ្យអ្នកដឹកជញ្ជូនទាំង០៤នាក់ ធ្វើកិច្ចសន្យា និងរក្សាទុករថយន្តដើម្បីឱ្យម្ចាស់គ្រែងឈាម ចូលខ្លួនមកដោះស្រាយ៕




