អង្គការសុខភាពពិភពលោកអនុម័តឱ្យប្រើវ៉ាក់សាំងកូវីដរបស់ចិន ….
អង្គការសុខភាពពិភពលោក (WHO)កាលពីថ្ងៃសុក្រទី៧ឧសភាបានអនុម័តឱ្យប្រើវ៉ាក់សាំងកូវីដ១៩ចិនលើកដំបូងក្នុងគោលបំណងជំរុញការចាក់ថ្នាំបង្ការជាសកល ខណៈឥណ្ឌាកត់ត្រាចំនួននៃការឆ្លងបំបែកឯតទគ្គកម្មមួយផ្សេងទៀត ដែលកំពប់ហៀរចូលដល់ប្រទេសជិតខាង។
ខណៈដែលបណ្តាប្រទេសលោកខាងលិចជាច្រើនកំពុងចាប់ផ្តើមបើកប្រទេសសាជាថ្មីនៅពេលការចាក់វ៉ាក់សាំងកើនល្បឿន អាជ្ញាធរក្នុងទីក្រុងតូក្យូនិងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុនបានបន្លាយពេលនៃស្ថានភាពអាសន្នខណៈសល់ពេលមិនដល់បីខែមុនពេលព្រឹត្តិការណ៍អូឡាំពិកតូក្យូចូលមកដល់។

នៅទីក្រុងហ្សឺណែវ WHOបានយល់ព្រមឱ្យប្រើវ៉ាក់សាំង Sinopharm ជាវ៉ាក់សាំងមិនមែនរបស់បស្ចិមប្រទេសដំបូងបង្អស់ដែលទទួលបានភ្លើងខៀវ និងពង្រឹងដល់ឃ្លាំងអាវុធសកលប្រឆាំងនឹងវីរុសកូរ៉ូណា។
ប្រធាន WHOលោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់សន្និសីទសារព័ត៌មានថា “ចំនួនករណីឆ្លងនិងចំនួនករណីស្លាប់នៅទូទាំងពិភពលោកកំពុងកើនឡើង”។
លោកបានព្រមានថា “យើងនឹងឃើញស្ថានភាពធ្ងន់ធ្ងរដូចអ្វីដែលយើងកំពុងឃើញឥឡូវនេះនៅក្នុងប្រទេសឥណ្ឌានិងប្រេស៊ីល”។
WHOបានចុះបញ្ជីការប្រើប្រាស់បន្ទាន់ដល់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន Moderna ក្រុមហ៊ុន Johnson and Johnson និងក្រុមហ៊ុន AstraZeneca ដែលកំពុងត្រូវបានផលិតនៅតាមកន្លែងដាច់ដោយឡែកក្នុងប្រទេសឥណ្ឌានិងកូរ៉េខាងត្បូង។

ការចុះបញ្ជីវ៉ាក់សាំងទាំងនេះគឺបើកផ្លូវសម្រាប់ប្រទេសនានានៅទូទាំងពិភពលោកក្នុងការអនុម័តនិងនាំចូលវ៉ាក់សាំងសម្រាប់ចែកចាយយ៉ាងឆាប់រហ័ស។
វាក៏បើកទ្វារសម្រាប់ការចូលទៅក្នុងគម្រោងចែករំលែកវ៉ាក់សាំងសកល Covaxដែលមានគោលបំណងផ្តល់នូវសិទ្ធិទទួលបានវ៉ាក់សាំងស្មើភាពគ្នានៅជុំវិញពិភពលោកនិងជាពិសេសនៅក្នុងប្រទេសក្រីក្រ។
កាលពីថ្ងៃសុក្រឥណ្ឌាបានឃើញការកើនឡើងករណីឆ្លងរហូតដល់ទៅជាង ៤១៤.០០០ ករណី ដែលជាចំនួនកំណត់ត្រាពិភពលោក និងអ្នកស្លាប់ជិត ៤.០០០ នាក់។ហើយរលកកូវីដរបស់ឥណ្ឌាក៏បានកំពប់ចូលប្រទេសជិតខាងដូចជាបង់ក្លាដែស នេប៉ាល់ និងស្រីលង្ការផងដែរ ជាហេតុនាំឱ្យប្រទេសទាំងបីបិទព្រំដែនជាមួយមហាយក្សអាស៊ីខាងត្បូងមួយនេះ៕



