ម្តាយ.រន្ធត់.ចិត្ត.ជាពន់ពេកពេលឃើញសពកូនប្រុសអាយុ៧ឆ្នាំ…
ភ្នំពេញ៖ ស្រ្តីជាម្តាយបានរន្ធត់ចិត្តជាខ្លាំងស្រែកទ្រហោយំពេលអ្នកភូមិរាវរកឃើញសពកូនប្រុសអាយុ៧ឆ្នាំ ដែលបានទៅលេងទឹកទន្លេហើយបានលង់ទឹកលិចបាត់អស់រយៈពេលជិត១ម៉ោង ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០២១ នៅចំណុច ច្រាំងទន្លេមេគង្គខាងជើងវត្តកៀនឃ្លាំង ក្នុងភូមិ កៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ក្មេងប្រុសដែលលង់ទឹកស្លាប់នោះ មានឈ្មោះគង់ តារារិទ្ធ អាយុ ៧ឆ្នាំ មានឪពុកឈ្មោះ គង់ រស្មី និងម្តាយឈ្មោះ វឿន គឹមស្រ៊ុន អាយុ ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុខាងលើ ។

ក្មេងប្រុសអាយុ១០ម្នាក់ដែល ទៅលេងទឹកជាមួយគ្នាបានឱ្យដឹងថា៖ នៅវេលាម៉ោង៩ព្រឹក ខ្លួននិងក្មេងរងគ្រោះ បាននាំគ្នាទៅងូតទឹកលេងដោយខ្លួនចេះហែលទឹក ។នៅពេលកំពុងលេងទឹកនោះស្រាប់តែបាត់ឈ្មោះរិទ្ធមិនដឹងជាទៅណា ហើយខ្លួនគិតថាគេលង់ទឹកលិចបាត់ ក៏បានរត់ទៅប្រាប់អ្នកស្ទួចត្រីចំនួន៣នាក់ដែលនៅក្បែរនោះតែអ្នកស្ទួចត្រីប្រាប់ថា មិនចេះហែលទឹក ក៏បានរត់ឡើងមកភូមិប្រាប់ ក្មេងៗ និងប្រាប់ម្តាយក្មេងរងគ្រោះ រួមទាំងអ្នកភូមិនាំគ្នា ចុះមុជទឹកជួយរាវរកឃើញ ។សពត្រូវបានឪពុកម្តាយបញ្ចូនទៅកាន់ទៅកាន់ឈាបនដ្ឋានវត្តព្រែកលៀបដើម្បីបូជាតាមប្រពៃណី ៕




