មនុស្សរាប់ពាន់នាក់ជួបជុំប្រឆាំងរបបយោធា ដោយអំពាវនាវអោយមាន”បដិវត្តន៍ប្រឆាំងរបបសឹក”…
យ៉ាងហ្គោន៖ អ្នកតវ៉ាប្រឆាំងរដ្ឋប្រហាររាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យបានដើរដង្ហែនៅមីយ៉ាន់ម៉ា ដោយអំពាវនាវអោយមាន”បដិវត្តន៍ប្រឆាំងរបបសឹក”ខណៈប្រទេសនេះស្ថិតក្រោមការគ្រប់គ្រងយោធាឈានដល់ខែទី៤។

ប្រជាជននៅបណ្តាទីក្រុង តំបន់ជនបទ តំបន់ភ្នំ និងសូម្បីតែក្នុងទឹកដីគ្រប់គ្រងដោយក្រុមឧទ្ទាមនៅតាមព្រំដែនបានចេញមកប្រឆាំងនឹងរបបសឹក ចាប់តាំងពីយោធាបណ្តេញមេដឹកនាំស៊ីវិល អ៊ុង សាន ស៊ូ ជី ក្នុងរដ្ឋប្រហារថ្ងៃ០១កុម្ភៈ។អាជ្ញាធរយោធាព្យាយាមគាបសង្កត់ការប្រឆាំងតាមរយៈការបង្ក្រាបយ៉ាងសាហាវលើការតវ៉ាប្រឆាំងមហាជន រួមមានការបាញ់សម្លាប់និងការចាប់ខ្លួន។កាលពីថ្ងៃអាទិត្យ ពួកបាតុករបានចាប់ផ្តើមការតវ៉ានៅពេលព្រឹកព្រលឹមនៅក្រុងយ៉ាងហ្គោន នៅពេលពួកសកម្មជនអំពាវនាវអោយមានការបង្ហាញកម្លាំងនិងធ្វើ”បដិវត្តន៍ប្រឆាំងរបបយោធា»។ពួកយុវជនបានជួបជុំនៅកាច់ជ្រុងផ្លូវមួយ មុនដើរដង្ហែចុះតាមផ្លូវយ៉ាងលឿន និងបានបំបែកហ្វូងភ្លាមដើម្បីកុំអោយប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។

ដោយលើកម្រាមដៃ៣ជាសញ្ញាតស៊ូ ពួកគេស្រែកថា «ទម្លាក់ភាពផ្តាច់ការយោធា ជាបុព្វហេតុរបស់យើង»។

នៅក្នុងរដ្ឋសាភាគខាងកើត ពួកយុវជនបានកាន់បដាសរសេរថា”ពួកយើងមិនអាចអោយគេគ្រប់គ្រងទាល់តែសោះ”។

ក្នុងពេលជាមួយគ្នា សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាកងកម្លាំងសន្តិសុខដេញវាយអ្នកប្រឆាំងតវ៉ានិងចាប់ខ្លួនពួកគេ ហើយការផ្ទុះគ្រាប់បែកក៏កើតមាននៅពាសពេញក្រុងយ៉ាងហ្គោនកាលពីថ្ងៃអាទិត្យ៕


