ឃាត់ខ្លួនមនុស្សចំនួន៣៤៥នាក់,ឃុំខ្លួន ១០នាក់ និងពិន័យ ២៧២នាក់…

ភ្នំពេញ : កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលដែលល្មើសទៅនឹងការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ចំនួនជាង ៣០០នាក់។ក្នុងនោះបានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការ។ ក្នុងចំណោមមនុស្សទាំងនោះក៏មានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទទាំងប្រជាពលរដ្ឋផងដែរ។ ការឃាត់ខ្លួននេះ គឺចាប់ពីថ្ងៃទី១៥ មេសា រហូតមកដក់ត្រឹមថ្ងៃទី២៩ ខែមេសា ។


លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ថ្លែងប្រាប់រស្មីកម្ពុជាថា គិតចាប់ពីថ្ងៃអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី២៩ ខែមេសា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣៤៥នាក់ ។ក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនចំនួន ១០នាក់ , បានធ្វើការអប់រំណែនាំចំនួន ៣៤នាក់ , បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ២៧នាក់ និងពិន័យអន្តរការណ៍ចំនួន ២៧២នាក់។


ជាការកត់សម្គាល់ នៅក្នុងចំណោមមនុស្សជាង ៣៤០នោះ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា ឆ្ឮនៅក្នុងទឹកដីខណ្ឌមានជ័យ ពាក់ព័ន្ធករណីនាំកម្មករជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្តទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសានៅខណ្ឌជ្រោយចង្វារ និងតុលាការចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធករណី រារារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសម្គាល់ប្រើប្រាស់ដោយនគរបាល។ ឈ្មោះ ខៀវ ចាន់សុភ័ត្រ្តា ជាមន្ត្រីយោធានៅសាកលវិទ្យាល័យការពារជាតិ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ពាក់ព័ន្ធករណីវាយសមត្ថកិច្ច និងរារាំងវិធានការបិទខ្ទប់។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។


ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ ផ្សេងទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram