ប្តីបង្រៀនប្រពន្ធបើកបរថ្មីៗ ធ្លាក់ចូលអាងទឹក ទាំងមនុស្ស ទាំងឡាន របួសធ្ងន់ស្រាល៣នាក់……
បន្ទាយមានជ័យ៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយរថយន្តមួយគ្រឿងបានហោះធ្លាក់ចូលអាងទឹកមួយកន្លែង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ នៅចំណុចលើខ្នងអាង ស្ពានទី១ រមណីយដ្ឋានអាងត្រពាំងថ្មស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានបញ្ជាក់ថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2A-9331 បើកពីកើតទៅលិច ។ មកដល់ចំណុចកើតហេតុ
រថយន្តបានរេចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាងពេញទំហឹងបណ្តាលអោយធ្លាក់ទាំងមនុស្ស ទាំងរថយន្ត ចូលទៅក្នុងទឹកអាង តែម្តង ។
ជុំវិញបញ្ហានេះ លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានអោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ រួមមាន ៖
ទី១ ឈ្មោះ ព្រីញ ដា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ បែកក្រោមត្របកភ្នែកខាងឆ្វេង ។
ទី២ ឈ្មោះ លាង ភាឡៃ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាប្តីរស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់រលាត់ជញ្ជើមឆ្វេងជាម្ចាស់រថយន្ត ។
ទី៣ ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាអ្នកឈូក រងរបួសធ្ងន់ ។
លោកអធិការ បានអោយដឹងទៀតថា ក្រោយកើតហេតុ
ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដោយស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺ ដោយសារឈ្មោះ ព្រីញ ដា ទើបរៀនបើកបរថ្មីៗ ដោយខ្វះការប្រុងប្រយ័ត្ន ៕




