Messi នឹងវិលត្រឡប់ទៅកាន់ PSG វិញ នៅដើមខែមករា


(ប៉ារីស)៖ ខ្សែប្រយុទ្ធ Lionel Messi នឹងវិលត្រឡប់ទៅកាន់ក្លិប Paris St. Germain វិញនៅដើមខែមករាខាងមុខ។ នេះបើតាមសម្តីអ្នកចាត់ការក្លិប ដែលលេងនៅលីគបារាំង Ligue 1 លោក Christophe Galtier បានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនដែលបានឈ្នះពានរង្វាន់ Ballon D’Or ចំនួន ៧លើករូបនេះបានស៊ុតបញ្ចូលទី ២គ្រាប់ក្នុងការនាំឲ្យប្រទេសរបស់លោក ទទួលបានជ័យជម្នះលើបារាំងក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី នាការប្រកួតផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup កាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅ។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះ នឹងខកខានការប្រកួតក្នុងលីគដោយការធ្វើជាម្ចាស់ផ្ទះរបស់ PSG ទទួលក្រុម Strasbourg នៅថ្ងៃពុធ និងការធ្វើដំណើរទៅជួបក្រុម Lens នៅថ្ងៃអាទិត្យក្នុងសប្តាហ៍នេះ។
«លោក (Messi) បានធ្វើដំណើរត្រឡប់ទៅកាន់អាហ្សង់ទីន ដើម្បីធ្វើពិធីអបអរសាទរ ហើយយើងសម្រេចថា គាត់នឹងត្រូវអវត្តមានរហូតដល់ថ្ងៃទី០១ ខែមករា»។ នេះបើតាមសម្តីលោក Galtier បានប្រាប់អ្នកសារព័ត៌មាន។
លោក Galtier បានប្រាប់ដែរថា កីឡាករផ្សេងទៀតទាំងអស់បានវិលត្រឡប់វិញ តាមការគ្រោងទុកហើយ ហើយនឹងអាចលេងបានសម្រាប់ការប្រកួតនៅថ្ងៃពុធ ក្នុងនោះរួមទាំងខ្សែប្រយុទ្ធ Kylian Mbappe ផងដែរ។
សូមជម្រាបថា PSG កំពុងស្ថិតនៅកំពូលតារាង Ligue 1 ដោយមាន ៤១ពិន្ទុពី ១៥ប្រកួត ជាមួយ ៥ពិន្ទុលើក្រុមចំណាត់ថ្នាក់ទី២ Lens៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram