អាល់កុលក្លែងក្លាយ មានសារធាតុមេតាណុល ជាង៥០០លីត្រ ត្រូវដកហូត…
រតនគិរី ៖ អាល់កុលក្លែងក្លាយ មានផ្ទុកសារធាតុ មេតាណុលចំនួន៥៥៦លីត្រ ត្រូវបានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តរតនគិរី ដកហូតបានពីតាមបណ្តាឱសថស្ថាន និងអាជីវករលក់ដូរក្នុងក្រុងបានលុង នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ។

លោក ស៊ាន ស៊ីនម៉ែត្រ អនុប្រធានសាខា (កបប) ខេត្តរតនគិរី បានឲ្យដឹងថា៖ ការចុះត្រួតពិនិត្យនេះដើម្បីធានាថែរក្សាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ដោយធានាថា ការប្រើប្រាស់អាល់កុលដើម្បីសម្លាប់មេរោគពិតជាមានប្រសិទ្ធភាព ហើយមិនបានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ។ហើយនេះជាកិច្ចការចាំបាច់មួយដែលយើងត្រូវធ្វើដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ មួយផ្នែកធំ។

លោកបានបន្តថា៖ ពុំមានធ្វើការផាកពិន័យណាមួយដល់អាជីវករដែលបានលក់អាល់កុលក្លែងក្លាយទាំងនេះនោះទេ គឺគ្រាន់តែធ្វើការអប់រំណែនាំដល់ពួកគាត់មុនទិញមកលក់បន្ត ត្រូវពិនិត្យម៉ាកសញ្ញា និងប្រភពឲ្យបានច្បាស់លាស់ រីឯ អាល់កុលដែលដកហូតបានខាងលើនេះ នឹងយកទៅកម្ទេចចោលតាមលក្ខណៈជំនាញ ហើយលោកនឹងដឹកនាំក្រុមការងារចុះទៅពិនិត្យជាប្រចាំ ទើបអាចធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ៕




