ស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅផ្លូវជាតិលេខ៨ ត្រូវបិទជាបណ្ដោះអាសន្ន….
ខេត្តព្រៃវែង អាជ្ញាធរស្រុកពារាំងសម្រេចបិទជាបណ្ដោះអាសន្នស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែងស្ថិតនៅតាមដងផ្លូវជាតិលេខ៨ ភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បន្ទាប់ពីអ្នកជំងឺកូវីដ១៩ម្នាក់ ដែលធ្វើដំណើរឆ្លងកាត់ ហើយបានចូលចាក់សាំងនិងចូលបន្ទប់ទឹកនៅទីនោះ។លោក ហួត កល្សាណ ប្រធានស្រុកប្រតិបត្តិពារាំង បានប្រាប់នៅយប់ទី២៨ ខែមីនា ឆ្នាំ២០២១ថា ទីតាំងស្ថានីយប្រេងឥន្ធនៈនោះត្រូវបិទជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវ។

លោកបន្តថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈ រួមនឹងអ្នកពាក់ព័ន្ធបុគ្គលិក ត្រូវឱ្យធ្វើចត្តាឡីស័កនៅទីនោះផ្ទាល់ ដោយយកសំណាកពួកគាត់។
លោក ហួត កល្សាណ បញ្ជាក់ថា យើងបិទស្ថានីយប្រេងឥន្ធនៈ និងធ្វើចត្តាឡីស័កបែបនេះ ក៏ព្រោះតែកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ម្នាក់ នៅឯខេត្តស្វាយរៀង បានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៨ ដោយចូលចាក់សាំងនៅទីនោះ និងចូលបន្ទប់ទឹកទៀតផង។

ហេតុនេះដើម្បីងាយស្រួលគ្រប់គ្រង និងស្រាវជ្រាវមន្ត្រីជំនាញសម្រេចបិទ ស្ថានីយប្រេងឥន្ធនៈ នោះជាបណ្ដោះអាសន្នសិន។
លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈត្រូវបានធ្វើចក្តាឡីស័កនៅនឹងស្ថានីយប្រេងឥន្ធនៈផ្ទាល់ដោយទីតាំងនោះនៅដាច់ដោយឡែកនិងងាយស្រួលដល់គ្រូពេទ្យមកយកសំណាកទៅពិនិត្យផងដែរ៕
