លោក វេង សាខុន ៖ វារីវប្បករ និងចិញ្ចឹមសត្វរក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មី…

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា៖អស់រយៈពេលជាងប្រាំខែ កន្លងផុតទៅយ៉ាងលឿនបំផុតនៃការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជារាស្រ្តដែលជាវារីវប្បករ និងចិញ្ចឹមសត្វ ជាប្រវត្តិសាស្រ្តមួយបានកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។


ដំណើរទស្សនកិច្ចដ៏ប្រពៃរបស់សម្តេចតេជោនាពេលនោះ ក្នុងគោលបំណងជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាបាននូវសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ជាលក្ខណគ្រួសារក្នុងក្របខ័ណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ដោយប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។


លោកថ្លែងបន្តថា៖វត្តមាន និងប្រសាសន៍ដ៏ឧត្តុងឧត្តមរបស់សម្តេចតេជោនាឱកាសនោះ បានធ្វើឲ្យបងប្អូនវារីវប្បករ នៅទូទាំងប្រទេសជារួម និងដោយឡែកបងប្អូនវារីវប្បករនៅខេត្តព្រៃវែង បានត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ជាទីបំផុត និងជាពិសេសបានយកទៅអនុវត្តសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។


ប្រាកដណាស់ថា ដើម្បីរក្សាបាននូវនិរន្តរភាពផលិតកម្មវារីវប្បកម្មនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាសេនាធិការបាននិងកំពុងជំរុញ និងលើកទឹកចិត្តបន្ថែមដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប និងបងប្អូនប្រជាកសិករដែលមានធនធាន និងបទពិសោធន៍ គួរតែបន្តរក្សាសកម្មភាពអាជីវកម្មបង្កាត់ ភ្ញាស់ ដើម្បីផលិតពូជត្រីបានល្អសម្រាប់ធ្វើការផ្សព្វផ្សាយពូជ អភិរក្ស និងធ្វើអាជីវកម្មលក់ដូរជូនបងប្អូនវារីវប្បករនៅទូទាំងខេត្ត និងខេត្តជាប់ព្រំប្រទល់ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram