ក្រសួងអប់រំ ណែនាំថា បើមិនចាំបាច់ទេ គួរជៀសវាងទទួលទានអាហារ និងប្រាស្រ័យទាក់ទងនៅម្ដុំបឹងកេងកង១សិន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សគ្រប់កម្រិតសិក្សា បង្កើនការប្រុងប្រយ័ត្ន ការចូលរួមបង្ការនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
ដោយចៀសវាងការទទួលទានអាហារក្រៅផ្ទះ បើមិនចាំបាច់ ជាពិសេសចៀសវាងការទទួលទានអាហារ និងប្រាស្រ័យទាក់ទងជិតស្និទ្ធម្តុំសង្កាត់បឹងកេងកង១ សិន។
សេចក្ដីណែនាំរបស់ក្រសួងអប់រំខាងលើនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០២នាក់ ស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។
ហើយក្រុមការងារក្រសួងសុខាភិបាល កំពុងបំពេញការងារយ៉ាងយកចិត្តទុកដាក់ តាមរកអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយករណីវិជ្ជមានកូវីដ-១៩ ថ្មី ០២នាក់ខាងលើ។
គួរបញ្ជាក់ផងដែរថាកម្ពុជានៅព្រឹកនេះ រកឃើញករណីឆ្លងមេរោគ Covid-19 ម្នាក់ទៀតហើយ ជាជនជាតិចិនស្នាក់នៅបឹងកេងកង១ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ និងព្យាបាលជាសះស្បើយចំនួន៣នាក់ទៀត។
ស្ត្រីជនជាតិចិននោះ មានវ័យ៣១ឆ្នាំ ជាអ្នកទេសចរណ៍ និងជាមិត្តរបស់ស្ត្រីជនជាតិចិនអាយុ៣០ឆ្នាំដែលរកឃើញមេរោគ Covid-19 កាលពីពេលកន្លងទៅដែរ។
ដោយឡែកសម្រាប់អ្នកជាសះស្បើយ៣នាក់វិញជាស្ត្រីជនជាតិបារាំងនៅកំពង់សោម បុរសខ្មែរនៅកំពតនិងបុរសខ្មែរនៅរាជធានីភ្នំពេញម្នាក់ដែលធ្លាប់ទៅបារាំង។ សរុបអ្នកជាសះស្បើយឡើងដល់៧៥នាក់ ហើយិក្នុងចំណោមអ្នកឆ្លង ១២០នាក់។




