អ្នកស្រុកមីយ៉ាន់ម៉ា បានភៀសខ្លួនចេញពីសង្កាត់ជាយក្រុងយ៉ាងហ្គោន ដោយខ្លាចការបង្ក្រាបរបស់យោធា នៅពេលEU ត្រៀមដាក់ទណ្ឌកម្ម…

យ៉ាងហ្គោន៖អ្នកស្រុករាប់ពាន់នាក់បានភៀសខ្លួនចេញពីសង្កាត់ឧស្សាហកម្មនៅជាយក្រុងយ៉ាងហ្គោនកាលពីថ្ងៃអង្គារ បន្ទាប់ពីវាត្រូវអាជ្ញាធរយោធាដាក់ក្នុងច្បាប់អាជ្ញាសឹកក្រោយការតវ៉ាប្រឆាំងបង្ហូរឈាមកាលពីចុងសប្តាហ៍។


សាក្សីម្នាក់នៅសង្កាត់ ហ្លាំង ថាយ៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយថា៖ «ទីនេះដូចតំបន់សង្គ្រាម ពួកគេបាញ់គ្រប់ទីកន្លែង។អ្នកស្រុកភាគច្រើនបំផុតខ្លាចមិនហ៊ានចេញក្រៅទេ»។


មនុស្សជាង៤០នាក់ត្រូវបានបាញ់សម្លាប់ដោយកម្លាំងសន្តិសុខក្នុងការបង្ក្រាបការតវ៉ាប្រឆាំងនៅសង្កាត់នេះកាលពីថ្ងៃអាទិត្យ និងរោងចក្រជាច្រើនត្រូវបានដុតបំផ្លាញ។តាំងពីខែមុនមក អ្នកប្រឆាំងតវ៉ាជាង១៨០នាក់ហើយត្រូវបានសម្លាប់នៅពេលកងកម្លាំងសន្តិសុខព្យាយាមកំទេចបាតុកម្មប្រឆាំងរដ្ឋប្រហារ។


មីយ៉ាន់ម៉ាបានធ្លាក់ក្នុងចលាចលចាប់តាំងពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី កាលពីថ្ងៃ១កុម្ភៈដែលបង្កការថ្កោលទោសជាអន្តរជាតិនិងនាំអោយមានបាតុកម្មប្រឆាំងរបបយោធាស្ទើររាល់ថ្ងៃ។
បារាំងបាននិយាយថា សហភាពអឺរ៉ុប(អ៊ីយូ) នឹងអនុម័តទណ្ឌកម្មប្រឆាំងអ្នកដែលនៅពីក្រោយរដ្ឋប្រហារនេះនៅថ្ងៃចន្ទក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram