រថយន្តLexus GS300 បុករបាំងថ្មពុះចែកទ្រូងផ្លូវ…
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តLexus GS300ក្នុងល្បឿនលឿន និងវ៉ាជែងមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឱ្យអ្នកបើករថយន្តនិងអ្នករួមដំណើររងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រអគ្គិសនីកម្ពុជាទី២ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក LEXUS GS300 ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08- 2.3480 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុទំនងជាអ្នកបើករថយន្តនេះបើកវ៉ាជែងម៉ូតូក៏ជ្រុលចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តខូចផ្នែកខាងមុខស្ទើរទាំងស្រុង រីឯអ្នកបើកបរនិងអ្នករួមដំណើររងរបួសខ្លួនប្រាណតិចតួច ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ៕


