ឡាំប្រឺតាបើកបំពានស្តុបជ្រុលទៅបុករថយន្ត ហាយឡេនឌ័រកំពុងឆ្លងផ្លូវ…
ភ្នំពេញ ៖ បុរសម្នាក់បើកឡាំប្រឺតាមួយគ្រឿង ក្នុងល្បឿនលឿន ខណៈដល់ស្តុបសញ្ញាភ្លើងក្រហមមិនឈប់ ក៏ជ្រុលបុករថយន្ត ហាយឡេនឌ័រ មួយគ្រឿង កំពុងឆ្លងផ្លូវចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ១១:០០នាទី យប់ថ្ងៃទី១៤ ខែ មីនាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ២៧១ កែងនិងផ្លូវ ៤៣២ ត្រង់ចំណុចស្តុប ទំនប់ទឹក ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់និងអ្នករួមដំណើរប្រុសស្រី ៣នាក់ទៀត ជិះឡាំប្រឺតាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GL-7879 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើត្រង់ និងស្តុបទំនប់ទឹក មិនបានគោរពភ្លើងស្តុប ក៏ជ្រុលចង្កូតទៅបុករថយន្តហាយឡេនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-4177 ដែលកំពុងបើកឆ្លងផ្លូវ តាមបណ្ដោយផ្លូវ ៣៤២ ចំពីចហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែមិនមាននណារម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់ ក៏បានព្យាយាមសម្របសម្រួល ភាគីទាំងសងខាង ដោយភាគី ឡាំប្រឺតា ព្រមសងសំណងទៅ ភាគី ខាងរថយន្ត ចំនួន ៣៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕








