អាវុធហត្ថខេត្តសៀមរាប បានបង្ក្រាបបានការជួញដូរគ្រឿងញៀនចំនួន២ករណីផ្សេងគ្នា ដោយរឹបអូសនូវសារធាតុគ្រឿងញៀន បានជាង៤គីឡូក្រាម….
ខេត្តសៀមរាប ៖កាលពី ថ្ងៃទី ១១ ខែ មេសា ឆ្នាំ 2020មានសេចក្តីរាយការណ៍បានឲ្យដឹងថា អាវុធហត្ថខេត្តសៀមរាប បានបង្ក្រាបបានការជួញដូរគ្រឿងញៀនចំនួន២ករណីផ្សេងគ្នា ដោយរឹបអូសនូវសារធាតុគ្រឿងញៀន បានជាង០៤គីឡូក្រាម។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ។ មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមេសា នេះថា ប្រត្តិការនេះកម្លាំងអាវុធហត្ថខេត្តសៀមរាប បានបើកការស៊ើបអង្កេតរហូតស្រាវជ្រាវចាប់បាននូវសារធាតុញៀនចំនួន២ករណីផ្សេងគ្នា។
មន្ត្រីដដែលបន្តថា ជនសង្ស័យដែលបង្ក្រាបបាននូវសារធាតុញៀនក្នុងករណីទី០១មានឈ្មោះស្រឿង សំរិទ្ធ ហៅខ្មៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
មន្ត្រីដដែលបន្តថា ជនសង្ស័យក្នុងករណីទី០២មាន ទី០១ឈ្មោះហ៊ួ លីកផៃ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី០២ឈ្មោះ ឈួរ សុខឡា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តសៀមរាប កសាងសំណុំរឿងនិងវត្ថុតាងបញ្ជូនទៅតុលាការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ៕


