វ៉ាក់សាំង Novavax មានប្រសិទ្ធភាព៩៦% ប្រឆាំងនឹងកូវីដ និង៨៦% សម្រាប់វីរុសបម្លែងខ្លួន….
អង់គ្លេស ៖ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថាវ៉ាក់សាំង Novavax មានប្រសិទ្ធភាព ៩៦ ភាគរយក្នុងការការពារវីរុសកូវីដ១៩ក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងនៅចក្រភពអង់គ្លេស។ មិនមានករណីនៃជំងឺធ្ងន់ធ្ងរឬការស្លាប់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងទេ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
វ៉ាក់សាំងនេះក៏មានប្រសិទ្ធិភាពប្រហែល៨៦ភាគរយក្នុងការការពារប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស។ ជារួម វាមានប្រសិទ្ធិភាពប្រហែល៩០ភាគរយ បើបូកទិន្នន័យពីអ្នកដែលឆ្លងវីរុសទាំងពីរ។
ការសាកល្បងនៅចក្រភពអង់គ្លេសដែលមានការចូលរួមពីមនុស្សជាង១៥,០០០នាក់ អាយុចន្លោះពី១៨ទៅ៨៤ឆ្នាំ បានវាយតម្លៃអំពីប្រសិទ្ធភាពវ៉ាក់សាំង ក្នុងអំឡុងពេលមួយដែលមានការចម្លងខ្ពស់នៃវីរុសបំប្លែងខ្លួនចក្រភពអង់គ្លេស។

វ៉ាក់សាំង Novavax បានចាប់ផ្តើមដាក់បញ្ចូលទិន្នន័យវ៉ាក់សាំងរបស់ខ្លួនទៅទីភ្នាក់ងារគ្រប់គ្រងផលិតផលវ៉ាឱសថនិងសុខភាពអង់គ្លេស (MHRA) កាលពីពាក់កណ្តាលខែមករា ដើម្បីជួយពន្លឿនដំណើរការអនុម័តឲ្យប្រើប្រាស់។
វ៉ាក់សាំងនេះអាចត្រូវបានគេអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកឱ្យបានឆាប់បំផុតនៅត្រឹមខែឧសភា ប្រសិនបើនិយ័តករអាមេរិកសម្រេចចិត្តថាទិន្នន័យពីចក្រភពអង់គ្លេសគឺគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត។ នាយកប្រតិបត្តិរបស់ខ្លួនបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីដើមខែនេះថាវាអាចចំណាយពេលពីរខែទៀត ប្រសិនបើពួកគេទទូចចង់ឃើញទិន្នន័យដំបូងពីការសាកល្បងនៅសហរដ្ឋអាមេរិក៕
