ខេត្តបាត់ដំបងផ្អាកទីតាំងមួយចំនួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩…
ទីតាំងមួយចំនួនដូចជាក្លឹបហាត់ប្រាណ និងកន្លែងម៉ាស្សា ត្រូវបានកម្លាំងចម្រុះចុះបិទជាបណ្តោះអាសន្ន ដើម្បីចូលរួមចំណែកទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ខណ:ដែលមេរោគកូវីដ-១៩ កំពុងរីករាលដាលមកដល់ក្រុងបាត់ដំបង ។
នៅរាត្រីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ នេះ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលដឹកដោយលោក អ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងដោយមានការចូលរួមសហការពីអាជ្ញាធររដ្ឋបាលក្រុងក៏ដូចជាសមត្ថកិច្ច បានបន្តធ្វើការចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍តាមអាជីវកម្មទេសចរក្នុងក្រុងបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយបន្ថែមនូវសេចក្តីជូនដំណឹងលេខ ០០២ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ស្តីពីការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម សេវាកម្មទេសចរណ៍ នៅទូទាំងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ ៥៥៩/២១ ស.ជ.ណ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុងនឹងក្រៅសណ្ឋាគារ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាបណ្តោះអាសន្ន ។

នៅក្នុងការចុះត្រួតពិនិត្យនោះផងដែរ ក្រុមការងាក៏បានណែនាំឱ្យរាល់អាជីវកម្មអាហារដ្ឋាន ភោជនីយដ្ឋានដែលមានតន្រី្តចាក់កំដរមេត្តាធ្វើការផ្អាកសកម្មភាពមានភ្លេងកំដរក្នុងដំណើរអាជីវកម្មរបស់ខ្លួនចាប់ពីពេលនេះតទៅ ហើយចំពោះអាជីវកម្មម៉ាស្សាតាមផ្ទះល្វែង ក្រុមការងារបានស្នើឱ្យម្ចាស់អាជីវកម្មធ្វើការផ្អាកប្រកបអាជីវកម្មជាបណ្តោះអាសន្នផងដែរ ដើម្បីបង្ការ និងទប់ស្កាត់នូវជម្ងឺដ៏កាចសាហាវនេះនៅក្នុងសហគមន៍៕
