គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុមហ៊ុនដឹកធ្យូងថ្ម និងរថយន្តដឹកទំនិញ…

ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុមហ៊ុនដឹកធ្យូងថ្ម និងរថយន្តដឹកទំនិញបានបុកគ្នាទាំងកណ្ដាលថ្ងៃត្រង់ថ្ងៃទី8 ខែមិនា នៅលើកំណាត់ផ្លូវជាតិលេខ31 ពីផ្លូវបំបែកគូស មកកាន់ស្រុកកំពង់ត្រាច ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិដើមពោធិ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ ក្នុងហេតុការណ៍នេះដែរ បណ្តាលឱ្យអ្នកបើកបររថយន្តដឹកទំនិញរងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តដឹកធ្យូងថ្ម បានរត់គេចខ្លួនបាត់ ។


លោកទុំ ទិត្យ ប្រធានផ្នែកនគរបាលចរាចរស្រុកកំពង់ត្រាចបានឱ្យដឹងថា៖ មុនពេលកើតហេតុ រថយន្តមួយគ្រឿងជារបស់ក្រុមហ៊ុនឯកជនមួយដឹកធ្យូងថ្មចូលរោងចក្រផលិតស៊ីម៉ង់ត៍ធ្វើដំណើរមកពីទិសខាងត្បូងទៅទិសខាងជើង ចំណែករថយន្តមួយគ្រឿងទៀតជារថយន្តដឹកអីវ៉ាន់នៅលកព្រែកចាក ធ្វើដំណើរមកពីជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវកោង ក៏បុកគ្នាយ៉ាងពេញទំហឹងតែម្តង ។


តាមប្រភពខាងលើបានអោយដឹងបន្តថា៖ ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឱ្យរថយន្តដឹកទំនិញរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយអ្នកបើកបររងរបួសបាក់ជើងម្ខាង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្តដឹកធ្យូងថ្មបានបែកកង់ខាងស្ដាំចំនួន3គ្រាប់ រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់។


ក្រោយពេលកើតហេតុ នគរបាលបានប្រមូលបំណែករថយន្ត និងវាស់វែងនៅកន្លែងកើតហេតុ រួចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រយទៀត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram