សម្តេចតេជោ ស្នើឲ្យព្រឹទ្ធសភា អនុម័តច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»…

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយប់ថ្ងៃទី៨ ខែមីនានេះ បានស្នើទៅកាន់ព្រឹទ្ធសភា អាចរិះរកវិធីណា ដូចជាការប្រជុំតាមអនឡាញ ឬការប្រជុំទ្រង់ទ្រាយតូចណាមួយ ដើម្បីអនុម័តលើច្បាប់ ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលរដ្ឋសភា បានអនុម័តរួចហើយនោះ ព្រោះច្បាប់នេះ ត្រូវបានប្រើជាបន្ទាន់ ដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩។


សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារសំឡេងតាមប្រព័ន្ធអេឡិចត្រូនិក បានមានប្រសាសន៍ថា «ពិតមែនហើយ នៅសល់ច្បាប់មួយ ដែលព្រឹទ្ធសភា មិនទាន់បានអនុម័ត, ខ្ញុំស្នើឯកឧត្តមប្រធានព្រឹទ្ធសភាស្តីទី មេត្តាពិនិត្យបើរកវិធីណា ដើម្បីឲ្យច្បាប់ដែលសភា បានអនុម័តច្បាប់នោះ បានចូលជាធរមាន ដោយអាចបើកការប្រជុំតាមអនឡាញ, ដោយមានការជួបជុំក្នុងទម្រង់ចំនួនមនុស្សតិច តាមដែលអាចធ្វើទៅបាន ព្រោះច្បាប់នេះវាត្រូវការបន្ទាន់»។ សម្តេចតេជោ បានបញ្ជាក់ថា ក្នុងស្ថានភាពនេះ កម្ពុជា មិនអាចប្រើច្បាប់ក្នុងគ្រាមានអាសន្ន សម្រាប់ស្ថានការណ៍នេះនោះទេ ប៉ុន្តែត្រូវការច្បាប់គ្រប់គ្រងទាក់ទងនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងជំងឺកាចសាហាវដទៃផ្សេងទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram