២នាក់ទៀតត្រូវបានសម្លាប់នៅពេលកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបន្តបង្ក្រាប…
យ៉ាងហ្គោន៖សាក្សីបាននិយាយថា អ្នកប្រឆាំងតវ៉ា២នាក់បានត្រូវគ្រាប់កាំភ្លើងចំក្បាលនិងស្លាប់កាលពីថ្ងៃចន្ទទី៨មីនា នៅពេលហាងទំនិញ រោងចក្រ ព្រមទាំងធនាគារបានបិទទ្វារនៅក្នុងទីក្រុងយ៉ាងហ្គោន ជាផ្នែកនៃការបះបោរប្រឆាំងពួកមេដឹកនាំយោធានៃប្រទេសនេះ។

រូបភាពបង្ហោះក្នុងហ្វេសប៊ុកបានបង្ហាញសាកសពបុរស២នាក់នៅលើផ្លូវក្នុងទីប្រជុំជន ម្យីតគ្យីណា ។សាក្សីបាននិយាយថា ជនរងគ្រោះបានចូលរួមក្នុងការប្រឆាំងតវ៉ាមួយនៅពេលប៉ូលិសបាញ់គ្រាប់បែកបញ្ចេញសម្លេងហឹងត្រចៀកនិងឧស្ម័នហៀរទឹកភ្នែក។មនុស្សជាច្រើនបានត្រូវគ្រាប់កាំភ្លើងដែលបាញ់ចេញពីអាគារក្បែរនោះ។
សាក្សីម្នាក់ ដែលបានជួយសែងសាកសព បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសថា មនុស្ស២នាក់ត្រូវបាញ់ចំក្បាលនិងស្លាប់នៅនឹងកន្លែង។បីនាក់ទៀតរងរបួស។
ទោះជាយ៉ាងណាវានៅមិនទាន់ច្បាប់ថានរណាបាញ់លើអ្នកប្រឆាំងតវ៉ា តែទាំងប៉ូលិសនិងយោធាមានវត្តមាននៅកន្លែងតវ៉ាប្រឆាំងនេះ។

កន្លងមក ប៉ូលិសនិងទាហានបានសម្លាប់អ្នកប្រឆាំងតវ៉ាជាង៥០នាក់ ក្នុងការបង្ក្រាបបាតុកម្ម-កូដកម្មស្ទើររាល់ថ្ងៃប្រឆាំងនឹងរដ្ឋប្រហារយោធា។
ហាងទំនិញ រោងចក្រ និងធនាគារនៅក្នុងទីក្រុងយ៉ាងហ្គោនបានបិទកាលពីថ្ងៃចន្ទក្រោយពីសហជីពធំៗអំពាវនាវអោយបិទខ្ទប់សេដ្ឋកិច្ច ជាផ្នែកនៃការបះបោរប្រឆាំងនឹងក្រុមមេដឹកនាំយោធារបស់ប្រទេស៕


