សន្តិសុខដែលជម្លៀសស្រ្តីជនជតិចិនចេញពីមណ្ឌលចត្តាឡីស័ក្ត សណ្ឋាគារសុខាត្រូវបានបញ្ជូននទៅអគ្គស្នងការនគរបាលជាតិ…
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានបញ្ជូនសន្តិសុខសណ្ឋាគារសុខា ដែលបានលួចលាក់ជម្លៀសស្រ្តីជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័ក្ត ដែលជាហេតុនាំឲ្យមានការផ្ទុះឡើងនូវកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣នោះ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីមានវិធានការផ្លូវច្បាប់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ជនសង្ស័យមានឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរសន្តិសុខសណ្ឋាគារសុខា មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនខ្លួនទៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ ក្រោយបុរសរូបនេះបានប៉ះពាល់ដោយប្រយោលជាមួយជនជាតិចិន ដែលរូបគេបានលួចលាក់ជម្លៀសឲ្យចេញពីទីតាំងចត្តាឡីស័ក្ត នៅសណ្ឋាគារសុខា ភ្នំពេញ។

ក្រោយ១៤ថ្ងៃ លទ្ធផលបង្ហាញថា រូបគេអវិជ្ជមានកូវីដ១៩ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបញ្ជូនខ្លួនទៅកាន់អនុគណៈកម្មាការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ដែលមានទីបញ្ជាការស្ថិតនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីតែម្តង។

សូមរម្លឹកថា កាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅ សន្តិសុខ២នាក់ នៅសណ្ឋាគារសុខា បានជួយសម្រលសម្រួលឲ្យមានការចាកចេញពីមណ្ឌលចត្តាឡីស័ក នូវជនជាតិចិន ៤ នាក់ ដែលក្រោយមកស្ត្រីជនជាតិចិននោះ ត្រូវបានរកឃើញមានកូវីដ១៩ ដែលនាំមឲ្យកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៤០០នាក់គិតត្រឹមថ្ងៃទី៥ ខែមីនានេះ៕
