ប្រតិបត្តិការបង្ក្រាបកន្លែងបើកល្បែងស៊ីសងខុសច្បាប់ជ្រកក្រោមសិប្បកម្មផលិតទឹកសុទ្ធ…
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ឆ្មក់ចូលទៅបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់មួយកន្លែង ដែលបានលួចបើកលេងដោយស្ងាត់ ជ្រកក្រោមសិប្បកម្មផលិតទឹកសុទ្ធ ដែលមានរយៈពេលជាយូរមកហើយ តែទើបតែពេលនេះត្រូវបែកការណ៍។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ មនុស្សចំនួន ៣នាក់ ត្រូវបានចាប់ខ្លួន រួមនឹងសត្វមាន់ជល់ជាច្រើនក្បាល។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការដែលបានធ្វើឡើងនៅម៉ោង២រសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងដីឡូត៍សិប្បកម្មផលិតទឹកសុទ្ធមួយកន្លែង នៅតាមបណ្តោយផ្លូវ លេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំពោះជនសង្ស័យចំនួន ៣នាក់ ដែលត្រូវបានចាប់ខ្លួននោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែមានការអះអាងថា ជាបុរសអ្នកញៀនល្បែងភ្នាល់ជល់មាន់។ ចំណែកអ្នកផ្សេងទៀត បាននាំគ្នារត់ចែកជើងគ្នាអស់។

សូមបញ្ជាក់ថា ទីតាំងបើកល្បែងស៊ីសងនោះ ដោយមានក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅសម្ងំលេងតាមចិត្ត និងមានសុវត្ថិភាពបំផុត ហើយបើមើលពីក្រៅទៅមិនដឹងទីនោះមានសង្វៀនជល់មាន់ឡើយ គេឃើញតែឃ្លាំងទឹកសុទ្ធប៉ុណ្ណោះ។ កន្លងមកតែងតែបើកលេងរាល់ថ្ងៃមិនថាថ្ងៃអាទិត្យ និងថ្ងៃធ្វើការ នោះទេ និងភ្នាល់១គូៗដាក់លុយរាប់រយរាប់ពាន់ដុល្លារ។

ពាក់ព័ន្ធនឹងការបើកលែងល្បែងស៊ីសងសុខច្បាប់នោះ ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភពីការកើតឡើងនូវបទល្មើសលួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ ដោយការភ័យខ្លាចនេះទើបអ្នកភូមិលួចរាយការណ៍ជូនកម្លាំងនគរបាលឱ្យចុះទៅបង្ក្រាបតែម្ដង។ បច្ចុប្បន្នមនុស្សចំនួន ៣នាក់ និងមាន់គកជាច្រើនក្បាល ត្រូវបាននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីចាត់ការតាមច្បាប់៕


