សម្ដេចតេជោ ហ៊ុន សែន បញ្ជាបន្ទាន់ឱ្យអាជ្ញាធរខេត្តព្រះសីហនុគ្រប់គ្រងមនុស្សចេញចូលឱ្យបានហ្មត់ចត់ ប៉ុន្តែកុំឱ្យប៉ះពាល់ដល់ការចេញចូលទំនិញ…

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាបន្ទាន់ឱ្យអាជ្ញាធរខេត្តព្រះសីហនុគ្រប់គ្រងមនុស្សចេញចូលឱ្យបានហ្មត់ចតបំផុត់ ប៉ុន្តែកុំឱ្យប៉ះពាល់ដល់ការចេញចូលទំនិញក្នុងខេត្តនេះ។ នេះដោយយោងតាមរយៈសារជាសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាជ្ញាធរខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។តាមរយៈសារជាសម្លេងតាមប្រព័ន្ធអេឡិចត្រូនិចសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការចំនួន២គឺ ទី១. បិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុមិនឱ្យធ្វើដំណើរទៅកាន់បណ្ដាខេត្តផ្សេងៗ ដូចជាខេត្តកែប ខេត្តកំពត ឬតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តផ្សេងៗទៀត។


រីឯវិធានការទី២. ត្រូវតែជំរុញឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន ដែលអាចចាក់បានក្រុមមនុស្សអាយុ ១៨ដល់៥៩ឆ្នាំ និងវ៉ាក់សាំង អាស្រ្តាហ្សេនីកា ដែលជាជំនួយកម្ពុជាទើបនឹងទទួលបាន ដែលអាចចាក់បានចំពោះក្រុមមនុស្សដែលមានអាយុ ៦០ឆ្នាំឡើង ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ និងជនចូលនិវត្តន៍ផងដែរ។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យខាងខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតចំពោះការគ្រប់គ្រងស្ថានភាពដ៏អាក្រក់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ក្នុងខេត្តឱ្យបានហ្មត់ចត់បំផុត ជៀសវាងការរីករាលដាលធ្ងន់ធ្ងរជាងនេះ។
សូមបញ្ជាក់ថា ទោះជាវិធានការដាក់ចេញហ្មឺងម៉ាត់យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា មិនអាចបិទខេត្តព្រះសីហនុទាំងស្រុងបានទេ ព្រោះបានពាក់ព័ន្ធដល់ការនាំចេញនាំចូលទំនិញ ប៉ុន្តែសម្រាប់មនុស្សគឺសម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរខេត្តព្រះសីហនុយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់បំផុត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram