ខេត្តកណ្តាលចាប់ផ្តើមចាត់វិធានការតឹងរឹងរាល់ការជួបជុំ ក្នុងពិធីមង្គលការ និងពិធីផ្សេងៗ…
អាជ្ញាធរខេត្តកណ្តាលបានដាក់ចេញវិធានការរឹតបណ្តឹងខ្លាំងរាល់ការជួបជុំ ពិសេសការជួបជុំក្នុងពិធីរៀបមង្គលការនិងពិធីផ្សេងៗដែលមានមនុស្សចូលរួមច្រើនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។

ក្នុងលិខិតជម្រាបមករដ្ឋបាលក្រុងស្រុក លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងថា យោងតាមស្ថានភាពពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានការឆ្លងរីករាលដាលខ្លាំង ដែលចាំបាច់មានការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ចំពោះការរៀបចំ និងការចូលរួមកម្មវិធីផ្សេងៗ ដែលមានមនុស្សច្រើន រដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវអនុវត្តការងារចាំបាច់ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន ដោយត្រូវ សម្របសម្រួលការរៀបចំពិធីមង្គលការ ឬការរៀបចំពិធីផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន កាត់បន្ថយអ្នកចូលរួមកម្មវិធីផ្សេងៗឱ្យនៅចំនួនតិច និងអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ៕
