អាជ្ញាធរខេត្តកំពត ជំរុញមន្ត្រីឱ្យពន្លឿនស្ថាបនាផ្លូវបេតុងមួយខ្សែឱ្យរួចមុនចូលឆ្នាំខ្មែរ…
ខេត្តកំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានជំរុញដល់មន្ត្រីពាក់ព័ន្ធឱ្យជួយពន្លឿនក្នុងការស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដែលជាផ្លូវដ៏សំខាន់មួយ ឱ្យរួចនៅមុនចូលឆ្នាំខ្មែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍។ ការជំរុញដូចនេះ បានធ្វើឡើងនៅពេលដែលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្រុង សង្កាត់ ចុះពិនិត្យដល់ការដ្ឋានគម្រោងស្ថាបនាផ្លូវបេតុងសរសៃដែកមួយខ្សែនោះនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១។

លោក ជាវ តាយ បានលើកឡើងថា ផ្លូវមួយខ្សែនេះ អាចចាត់ទុកជាផ្លូវមួយមានសារៈសំខាន់ ក្នុងការសម្រួល និងបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាការសម្រួលធ្វើឱ្យប្រសើរឡើងទាំងសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានក្រុង សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ។ ផ្លូវមួយខ្សែនេះគឺ ជាផ្លូវលេខ៧០១ តភ្ជាប់បំបែកចេញពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅផ្លូវបេតុង ជាយខាងជើងក្រុងកំពត ស្របនឹងផ្លូវរថភ្លើង មានប្រវែងប្រមាណជាង ៩០០ម៉ែត្រ ទទឹងមានទំហំ ១២ម៉ែត្រ ដែលគម្រោងសាងសង់ដោយចាក់បេតុង សសៃដែក មានកម្រាស់ ២តឹក មានលូអមសងខាងទំហំមាត់កាត់ ៨តឹក ជាគម្រោងថវិការបស់រដ្ឋ បាលខេត្ត អនុវត្តគម្រោងដោយកងវិស្វកម្ម។ ដូចនេះ ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អក្នុងដំណើរការស្ថាបនាគម្រោងផ្លូវមួយខ្សែនេះ និងប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ក្រៅពីនេះត្រូវបង្កើនការជំរុញអនុវត្តន៍ឱ្យបានឆាប់ចប់មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោក ជាវ តាយ ក៏បានក្រើនរម្លឹកដល់ចៅសង្កាត់ និងអភិបាលក្រុងកំពតផងដែរ ក្រៅពីការស្ថាបនាផ្លូវមួយខ្សែនេះ ត្រូវតែមានការសិក្សាលើគម្រោងផ្លូវនានាបន្ថែមទៀត ពិសេសត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត៕



