ពួកឧត្តមសេនីយ៍មីយ៉ាន់ម៉ារងសម្ពាធសាជាថ្មី…

មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាបានរងសម្ពាធជាថ្មីនៅក្នុងប្រទេសនិងក្រៅប្រទេសនៅថ្ងៃអង្គារទី២៣កុម្ភៈនេះជាមួយការរឹតបន្តឹងទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោននិងព្រុចសែលនិងការធ្វើបាតុកម្មធំបំផុតមួយចំនួនប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកគេចាប់តាំងពីពួកយោធាបានកាន់កាប់អំណាចកាលពីបីសប្តាហ៍មុន។អាជ្ញាធរបានបង្កើនជាបណ្តើរៗនូវការប្រើប្រាស់កម្លាំងរបស់ពួកគេប្រឆាំងនឹងយុទ្ធនាការបដិសេធច្បាប់រដ្ឋទ្រង់ទ្រាយធំនិងដោយសន្តិវិធី ដែលទាមទារឱ្យប្រគល់មេដឹកនាំអ៊ុងសាន ស៊ូជីដែលត្រូវបានបណ្តេញចេញអំណាច។


ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារចំនួន ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការធ្វើបាតុកម្មរហូតមកទល់ពេលនេះខណៈដែលបុរសម្នាក់ដែលកំពុងល្បាតសង្កាត់របស់គាត់ប្រឆាំងនឹងការចាប់ខ្លួនពេលយប់ក៏ត្រូវបានបាញ់សម្លាប់កាលពីចុងសប្តាហ៍ដែរ។ក្នុងពេលតែមួយយប់អាម៉េរិកបានចុះក្នុងបញ្ជីខ្មៅនូវសមាជិកពីរនាក់ទៀតនៃរបបយោធាគឺមេបញ្ជាការកងទ័ពអាកាសលោក មួង មួង ច និងសមាជិករបបយោធាម្នាក់ទៀតឈ្មោះ ម៉ូ មីន ទុន បន្ទាប់ពីបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងឧត្តមសេនីយ៍កំពូលៗដទៃទៀតកាលពីដើមខែនេះ។


រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន និយាយថា “យើងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងអ្នកដែលប្រព្រឹត្តអំពើហិង្សានិងបង្ក្រាបឆន្ទៈរបស់ប្រជាជន”។លោកបានអំពាវនាវឱ្យរបបនេះបញ្ចប់ការវាយប្រហារទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី អ្នកកាសែតនិងសកម្មជន ដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារ និង”ស្តាររដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ”។ការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោនបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីសហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មដែលផ្តោតលើយោធាមីយ៉ាន់ម៉ានិងផលប្រយោជន៍សេដ្ឋកិច្ចរបស់យោធា។


ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក យ៉ូសេប បូរែលនិយាយថា”រាល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ពីប្រព័ន្ធអភិវឌ្ឍន៍របស់យើងទៅកម្មវិធីកែទម្រង់រដ្ឋាភិបាលត្រូវបានហាមឃាត់”។ ប្លុកនេះនឹងមិនរារាំងទំនាក់ទំនងពាណិជ្ជកម្មទេព្រោះខ្លាចវាអាចប៉ះពាល់ដល់ប្រជាជនទូទៅ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram