ជនស្លៀកពាក់ស៊ីវិលម្នាក់ តាំងខ្លួនជាសមត្ថកិច្ចបានយកខ្នោះ ទៅវាយលើបុរសម្នាក់ទៀត ផ្តើមចេញពីរករណីទំនាស់គ្នា…
ភ្នំពេញ ៖ បុរសម្នាក់រួមនិងបក្ខពួកជាច្រើននាក់ បានដេញវាយគ្នាជាមួយនឹងក្មេងស្ទាវមួយក្រុមទៀត ពេលចេញពីរាំនៅក្នុងក្លឹបកំសាន្តសេសមាស បណ្តាលឲ្យយុវជនម្នាក់បែកក្បាលហូឈាម និងម្នាក់ទៀតត្រូវជនស្លៀកពាក់ស៊ីវិលយកខ្នោះវាយ ហើយសង្កត់កជាប់ទើបប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចជួយអន្តគមន៍ភ្លាមៗ។

ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១ និង៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធទី១០ ខែកុម្ភៈឆ្នាំ ២០២១ ត្រង់ចំណុចជាប់សួនវឌ្ឍនៈ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគាត់បានឃើញក្មេងស្ទាវ២ក្រុម ចេញពីក្លឹបសេសមាស ហើយដេញវាយគ្នាពេញផ្លូវបណ្តាលឲ្យបែកក្បាលម្នាក់ និងម្នាក់ទៀតត្រូវបានគេវាយខ្នោះ ហើយយកជង្គង់សង្កត់ពីលើជាប់រួចទាញខ្នោះវាយ ប្រុងនឹងយកទៅដាក់លើកង់បី តែត្រូវប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចចុះជួយទាន់ពេល។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ ចុះមកដល់រួចពិនិត្យឃើញថាជាទឹកដីខណ្ឌពោធិ៍សែនជ័យ ហើយក៏បានធ្វើការសួរនាំនិងឃាត់ខ្លួនជនស្លៀកពាក់ស៊ីវិលជាអ្នកវាយខ្នោះ ទុកប្រគល់ជូនទៅខាងកម្លាំងខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំបន្ត៕

