អគ្គលេខាធិការ UN៖ បង្ហាញការគាំទ្រ ប្រជាជនមីយ៉ាន់ម៉ា «ធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី»…

អន្តរជាតិ៖ យោងតាមរយៈបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន CNA តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះផ្សាយថា លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានបង្ហាញការគាំទ្រចំពោះសិទ្ធិនៃប្រជាជនមីយ៉ាន់ម៉ា ក្នុងការធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី ដើម្បីសម្ដែងការជំទាស់ទៅនឹងរដ្ឋប្រហារយោធា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានបណ្ដេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីអំណាច។


ជាក់ស្តែងលោក អាន់តូនីញ៉ូ ហ្គូទែរែស បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋប្រហារគឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត នៅក្នុងពិភពលោកសម័យទំនើបនេះ ហើយខ្ញុំប្រឆាំង និងថ្កោលទោសរដ្ឋប្រហារ»។ បន្ថែមពីនេះប្រមុខ UN រូបនេះ បន្តទៀតថា លោកសូមផ្ដល់អនុសាសន៍ឱ្យប្រជាជនមីយ៉ាន់ម៉ា ប្រឆាំងភាពអយុត្តិធម៌ ឬរដ្ឋប្រហារ តែគួរតែធ្វើវាដោយសន្តិវិធី។


សូមជម្រាបថា៖ ប្រជាជនមីយ៉ាន់ម៉ា រាប់ពាន់នាក់នៅថ្ងៃសៅរ៍ទី៧កុម្ភៈនេះ ពួកគេបាននាំគ្នាចុះតាមដងផ្លូវដើម្បីធ្វើបាតុកម្មតវ៉ា នៅក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីថ្កោលទោសរដ្ឋប្រហារ និងទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញជាបន្ទាន់។


គួរបញ្ជក់ថា៖ បាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារយោធានេះ កើតមានឡើងតបតាមការអំពាវនាវរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលដែលរដ្ឋាភិបាលថ្មីរបស់យោធា កំពុងចាត់វិធានការរឹតត្បិតលើប្រព័ន្ធអ៉ិនធើណិត តាមរយៈការបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានា ដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថិរភាពជាតិ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram