រយៈពេលជាង ៣ខែកម្លាំងជំនាញ ប្រមូលបានគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅបាតទន្លេ ស្រុកស្រីសន្ធរ ៥៣,៧៧០គ្រាប់…

ខេត្តកំពង់ចាម ÷ ការរុករកគ្រាប់មិនទាន់ផ្ទុះក្នុងការលិចនាវាយោធាសម័យសង្គ្រាមចុងទសវត្សឆ្នាំ៦០ និងដើមទសវត្សរ៍ឆ្នាំ៧០ ក្នុងទន្លេមេគង្គ តំបន់ ស្រុកស្រីសន្ធោ ខេត្តកំពង់ចាម ត្រូវបាន លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានឱ្យដឹងថា÷ កិច្ចប្រតិបត្តិការរបស់យើងនាពេលនេះ ប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៥៣,៧៧០គ្រាប់ ទម្ងន់សរុបប្រមាណ ៨,១០០គីឡូក្រាម ។


ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានថ្លែងនារសៀល ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ នេះថា÷ ពេលនេះ កម្លាំងជំនាញទើបនឹងចូលមកដល់ ឃ្លុបទី១ នៃតួនាវា ប៉ុន្តែ នាវានេះជាប្រភេទនាវាធំដឹកសម្ភារសឹកធំមានប្រវែងរហូតដល់ទៅ៤០ម៉ែត្រទទឹងប្រមាណជា៥,៥ម៉ែត្រនិងមានជម្រៅទឹក ៤.៥០ម៉ែត្រ ដូច្នេះ ក្នុងមួយឃ្លុប ផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១០តោន។


គួររម្លឹកដែរថា÷ តាមពិតទៅ កិច្ចប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ កម្លាំងជំនាញបានចាប់ផ្តើមឡើងតាមពីកំលុងដើម ខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែដោយសារតែជួបបញ្ហាខ្យល់ព្យុះ ទឹកជំនន់ ទើបធ្វើឱ្យកិច្ចប្រតិបត្តិការនេះ បានផ្អាកជាង ៣សប្តាហ៍ ហើយលទ្ធផលខាងលើនេះ គឺកម្លាំងជំនាញទើបនឹងចាប់ផ្តើមសម្រុកយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវានិងជុំវិញនាវា ក្នុងអម្លុងពេលដើមខែធ្នូ ឆ្នាំ២០២០។


សូមបញ្ជាក់ថា÷ ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម នេះ គឺអនុវត្តក្នុងទំហំ ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុង ខែតុលា ឆ្នាំ២០២០ និងបន្តរុករកទៀត រហូតដល់ខែឧសភា ឆ្នាំ២០២១ ។ គិតត្រឹមដើម ខែកុម្ភ: ឆ្នាំ២០២១ នេះ កម្លាំងជំនាញ បានប្រមូលគ្រាប់យុទ្ធភណ្ឌប្រមាណ ២៥ភាគរយ និងកំពុងប្រឹងប្រែងបន្តបេសកកម្ម លើកិច្ចការងារនេះ បន្ថែមទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram