កម្ពុជា បានត្រៀមទូរត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយ ដែលនឹងមកដល់នៅថ្ងៃទី៧ ខែកុម្ភៈនេះ…

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដឹកនាំក្រុមការងារក្រោមឱវាទក្រសួង សុខាភិបាល ចុះទៅពិនិត្យផ្ទាល់នៅទីតាំងសម្រាប់ទុកដាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅឃ្លាំងស្តុកសម្ភារ និងឱសថនៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។


លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា៖ នេះជាការរៀបចំទុកជាស្រេចដើម្បីទទួលវ៉ាក់សាំងរបស់មិត្តចិន ដែលនឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខ។ វ៉ាក់សាំងមកដល់នៅចុងសប្តាហ៍នេះ ដូច្នេះត្រូវពិនិត្យឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។


លោករដ្ឋមន្ត្រីបានបន្តថា៖ “យើងបានត្រៀមប្រព័ន្ធត្រជាក់ជាស្រេច សម្រាប់រក្សាទុកវ៉ាក់សាំងកូវីដ-១៩ ដែលគ្រោងនឹងមកដល់កម្ពុជា នៅចុងសប្ដាហ៍នេះ។ ជាងនេះទៅទៀត យើងក៏បានត្រៀមទាំងលក្ខណៈបច្ចេកទេស និងមធ្យោបាយដឹកជញ្ជូនវ៉ាក់សាំងសម្រាប់យកទៅតាមបណ្ដាខេត្ដ ឬទៅទីកន្លែងដែលត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយើង។

លើសពីនោះ យើងក៏បានបណ្ដុះបណ្ដាលក្រុមពេទ្យរួចជាស្រេចផងដែរ ហើយគ្រោងនឹងបន្ដបណ្ដុះបណ្ដាលបន្ថែមទៀត ព្រោះជាប្រភេទវ៉ាក់សាំងថ្មី ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ យើងធ្លាប់មានបទពិសោធន៍ខ្លះៗជាហូរហែរមកហើយ ក្នុងការចាក់វ៉ាក់សាំងដល់កុមារ និងស្ដ្រីមានផ្ទៃពោះជាដើម”។


លោករដ្ឋមន្ត្រីបានបន្តថា៖ ទោះការចាក់វ៉ាក់សាំងរួចក៏ដោយ ពលរដ្ឋត្រូវតែបន្ដអនុវត្ដវិធានការពារនានារបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញកន្លងមក ដូចជាការពាក់ម៉ាស លាងសម្អាតដៃឱ្យស្អាតជានិច្ច និងរក្សាគម្លាតបុគ្គល និងសង្គមជាដើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram