ឈរចាំថៅកែមុខឃ្លាំង ជួបគ្រោះអកុសល…
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា៖ រថយន្តប្រមូលសំរាមមួយគ្រឿងរ៉េចង្កូតបុកកន្លែងប៉ះកង់ម៉ូតូ រួចអូសទាំងរ៉ឺម៉កដាក់គ្រឿងឧបករណ៍ប៉ះកង់បុកចូលឃ្លាំងមួយកន្លែង និងកិនបុរសម្នាក់ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចឃ្លាំងមួយកន្លែង តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តប្រមូលសំរាមមួយគ្រឿងខាងលើបានបើកបរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តប្រមូលសំរាមនោះបានរេចង្កូតបុកកន្លែងប៉ះកង់ម៉ូតូ ប៉ុន្តែសំណាងល្អប្តីប្រពន្ធដែលជាអ្នកប្រកបរបរប៉ះកង់បានរត់គេចចេញទាន់ ។

ប្រភពដដែលបានបន្តថា៖ ក្នុងហេតុការណ៍នេះដែរ រថយន្តប្រមូលសំរាមក៏បុកនិងអូសទាំងរ៉ឺម៉កដាក់គ្រឿងឧបករណ៍ប៉ះកង់បុកចូលឃ្លាំងខាងលើ ព្រមទាំងកិនបុរសម្នាក់ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ហើយភ្លាមៗនោះគេមិនដឹងថា បុរសរងគ្រោះជាអ្នកនៅក្នុងឃ្លាំងខាងលើនេះ ឬមួយក៏ជាកម្មករប្រមូលសំរាមនោះទេ ។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលជាអ្នកស្គាល់ជនរងគ្រោះបានឱ្យដឹងថា៖ ជនរងគ្រោះបុរសដែលបាត់បង់ជីវិតខាងលើនោះឈ្មោះ កែវ វុទ្ធី អាយុ៥០ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ មានស្រុកកំណើតនៅភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តកែវ និងជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ ១BH-៨១៧៣ ។
តាមប្រភពដដែលបានបន្តថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញពីស្រុកកំណើតនៅឯខេត្តតាកែវមកកាន់រាជធានីភ្នំពេញ ក្នុងគោលបំណងមកបើកគ្រឿងចក្រអាប៊ុលឱ្យគេ លុះនៅពេលដែលជនរងគ្រោះកំពុងឈររង់ចាំថៅកែត្រង់ចំណុចកើតហេតុខាងលើ ក៏ជួបគ្រោះអកុសលត្រូវរថយន្តប្រមូលសំរាមបុក និងកិន បណ្តាលឱ្យបាត់បង់ជីវិតតែម្តង៕

