សម្តេចតេជោ ប្រកាសថ្ងៃដឹកមកដល់នៃវ៉ាក់សាំងការពារកូវីដ១៩…
វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្តាញសង្គម Telegramមុននេះ។

សម្តេចតេជោបានមានប្រសាសន៍ថា ដោយទទួលព័ត៌មានពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងមកដល់ថ្ងៃអាទិត្យទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយ ដូចការប្រកាសកន្លងមកពេលវ៉ាក់សាំងមកដល់សម្តេចនឹងទៅទទួលដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ។ដូច្នេះផ្នែកពាក់ព័ន្ធត្រូវរៀបចំកម្មវិធីទទួលវ៉ាក់សាំងនៅប្រលានយន្តហោះ។

លោក វ៉ាង ធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រាប់នៅក្នុងជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលារាជធានីភ្នំពេញបានឱ្យដឹងថា វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៦០ ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នាចុងសប្តាហ៍នេះ។

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕



