ឆ្នាំ២០២០ សហគ្រាសជាង ១,៣០០ បានបិទលែង ដំណើរការ កម្មករនិយោជិតបាត់បង់ការងារជាង ១០ម៉ឺននាក់…

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០ មានសហគ្រាសចំនួន ១,៣៥៦ ទីតាំងបានបិទលែងដំណើរការ ដែលមានកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨,៨២៥ នាក់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិជំងឺ កូវីដ-១៩ ដែលភាគច្រើន គឺជាប្រភេទរោងចក្រសហគ្រាស ក្រៅពីវិស័យកាត់ដេរ។


នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងជួបប្រជុំជាមួយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នៅវិមានរដ្ឋសភា នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។


ឯកឧត្តមរដ្ឋមន្រ្តីបន្តថា៖ ក្នុងរយៈពេលដូចគ្នានេះ រោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកថ្មី និងបានបង្កើតការងារបន្ថែមចំនួន ៦១ ២៥៧នាក់ ផងដែរ។ ទន្ទឹមនោះក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈក៏បានខិតខំផ្តល់ព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារប្រមាណជាង ២,៣ លាននាក់ តាមរយៈវេទិកាការងារ សេវាទូរសព្ទ គេហទំព័រការងារ បណ្តាញទំនាក់ទំនងសង្គម និងមជ្ឈមណ្ឌលការងារ។


លោករដ្ឋមន្ត្រីបានលើកឡើងថា៖ បើតាមការវាយតម្លៃផលប៉ះពាល់លើវិស័យការងារនៃកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធ គឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងបានឆ្លងកាត់នូវដំណាក់កាលលំបាកបំផុតរួចមកហើយ។ ជាក់ស្តែង ការព្យួរកិច្ចសន្យាការងាររបស់រោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានថយពីចំណុចកំពូលនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន ៤៣៣ ដែលមានកម្មករនិយោជិតចំនួន ១៥៣,៣៣៦ នាក់បាននិងកំពុងព្យួរកិច្ចសន្យាការងារ ប៉ុន្តែបើគិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០នេះ មានរោងចក្រ សហគ្រាសត្រឹមចំនួន ១៥០ ដែលស្មើនឹងកម្មករនិយោជិតចំនួន ២៣,៦៨២ នាក់ប៉ុណ្ណោះ កំពុងព្យួរកិច្ចសន្យាការងារ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram