បុរសម្នាក់ជិះម៉ូតូមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្ត…
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត បន្ទាប់ពីរូបគាត់ជិះម៉ូតូលឿនពេកនិងមិនគោរពភ្លើងស្តុបបានជ្រុលទៅបុករថយន្តតាកូម៉ាដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបបូកគោតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា៖ ដំបូងរថយន្តម៉ាកតាកូម៉ាមួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 2A-0007 បានដឹកបន្លែពេញរថយន្តហើយបើកតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AO-1852 តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿននិងមិនគោរពភ្លើងស្តុបផងនោះ ក៏ជ្រុលទៅបុករថយន្តតាកូម៉ា ចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសភាគីខាងម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗ ។

ចំណែករថយន្តនិងម៉ូតូបានរងការខូចខាតដូចគ្នាយ៉ាងដំណំផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌនិងរាជធានីភ្នំពេញ ឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕




