អាវុធហត្ថចាប់ខ្លួនថៅកែបូមខ្សាច់ស្ពានព្រែកសំរោង …
ភ្នំពេញ ៖ ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ឡុងហ្វីលីបភេទ ប្រុសអាយុ ៤២ ឆ្នាំមានទីលំនៅក្នុងភូមិបោះអង្កាញ់ផ្លូវលេខ ១១ សង្កាត់ ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ កាលពីថ្ងៃ២៦ខែមករាឆ្នាំ ២០២១ ថៅកែដេប៉ូបូមខ្សាច់ល្បីឈ្មោះនៅគល់ស្ពានព្រែកសំរោងក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅត្រូវបានចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានបទរំលោភលើទំនុកចិត្តនិងបទក្លែងឯកសារសាធារណៈ ។ ចាប់ខ្លួនជនសង្ស័យដោយសារឈ្មោះ ឡុងហ្វីលីប គេចវេសមិនចូលខ្លួនតាមការកោះហៅរបស់ សមត្ថកិច្ច និងដីកាបញ្ជាអោយចូលខ្លួនរបស់ព្រះរាជអាជ្ញាអមតុលាការ ។

ឈ្មោះ ឡុងហ្វីលីប បានសារភាពថាខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោងក្នុងសង្កាត់ ព្រែកថ្មីខណ្ឌច្បារអំពៅហើយនៅក្នុងឆ្នាំ ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ ឈ្មោះ សាយសេងថៃចំនួន ២ ម៉ឺនដុល្លារដើម្បីយកទៅបង់ពន្ធ រថយន្តដែកបញ្ជាទិញពីឌូបៃនាំចូលមកប្រទេសកម្ពុជាប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើបខ្លួនសុំខ្ចីបន្ថែមចំនួន៣ម៉ឺនដុល្លារទៀតដោយការខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់និងដាក់ប្លង់ដីដើម្បីធានាលើបំណុល។ ក្នុងនោះ ប្រាក់ដែលត្រូវបង់ពន្ធចំនួន ៤៨ ០០០ ដុល្លារលើរថយន្ត ១២ គ្រឿងដែលនាំចូលមានរថយន្តបាឡែនរថយន្តព្រូសនិងរថយន្តលុចស៊ីស ។ បន្ទាប់មកខ្លួនបានលក់រថយន្តទាំងនោះអោយក្រុមហ៊ុនមួយចំនួនប៉ុន្តែក្រុមហ៊ុនទាំងនោះស្ទះលុយបង្វិលប្រាក់សងមកខ្លួនមិនទាន់ពេលវេលាដែរទើបខ្លួននៅជំពាក់ប្អូនធម៌ឈ្មោះសាយសេងថៃដល់សព្វថ្ងៃ ។ ព្រះរាជអាជ្ញា អមតុលាការកំពុងធ្វើការសាកសួរ ឈ្មោះ ឡុងហ្វីលីប នៅឡើយដោយមិនទាន់មានការសម្រេចបែបណាទេ ៕

