ពលករខ្មែរមកពីប្រទេសថៃ២១នាក់ ចូលតាមច្រកព្រំដែនក្នុងខេត្តកោះកុង បានត្រូវអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើចត្តាឡីស័ក និងទទួលលទ្ធផលអវិជ្ជមានកូវីដ….

(ខេត្តកោះកុង)៖ ពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃចំនួន២១នាក់ ត្រូវបានអនុញ្ញាតវិលត្រឡប់ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារសាច់ញាតិ ក្រោយពីធ្វើចត្តាឡីស័កតាមការកំណត់ និងធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩។

ការជូនដំណើរពលករទាំង២១នាក់នេះ ធ្វើឡើងក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ មន្ត្រីមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។

លោកស្រី មិថុនា ភូថង បានថ្លែងឲ្យដឹងថា លោកស្រីមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានដឹងថាពលករចំនួន២១នាក់ ធ្វើតេស្តរយៈពេល១៤ថ្ងៃ ក្រោយពីទទួលលទ្ធផលអវិជ្ជមាន ពីមន្ទីរពិសោធន៍ក្រសួងសុខាភិបាល ហើយតម្រូវឲ្យបងប្អូនបានវិលត្រឡប់ ទៅស្រុកកំណើតវិញដោយសុវត្តិភាព។

លោកស្រីណែនាំសូមបងប្អូនថែរក្សាសុខភាពដោយខ្លួនឯង និងត្រូវអនុវត្តន៍ទៅតាមការផ្សព្វផ្សាយ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឯង ហើយត្រូវអនុវត្តន៍ឲ្យបាននូវពាក្យ «៣ការពារ ៣កុំ» ពាក្យនេះ ដែលបងប្អូនគួរពិចារណាហើយ អនុវត្តន៍ជាប់ជានិច្ច ដើម្បីការពារការរីកដាលការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

លោកស្រីបានថ្លែងបន្តថា ដើម្បីសុវត្ថិភាពនៃការរីករាលជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍បងប្អូនត្រូវរួមគ្នាផ្សព្វផ្សាយបន្ត បើបងប្អូនពលករនៅប្រទេសថៃ ចង់វិលចូលប្រទេស ឬស្រុកកំណើតវិញ សូមឲ្យណែនាំឲ្យពួកគាត់ចូលតាមច្រកទ្វារអន្តរជាតិ ចាំយាម មកកុំលួចឆ្លងដែនតាច្រកធម្មជាតិ និងផ្ទៃសមុទ្រឲ្យសោះ ព្រោះវាគ្រោះថ្នាក់ណាស់ ក្នុងធ្វើដំណើរតាមច្រកធម្មជាតិ និងផ្ទៃសមុទ្រ។

ក្នុងឱកាសនោះលោកស្រីអភិបាលខេត្ត បានផ្តល់នៅសម្ភារការពារសុវត្ថិភាព នៃការចម្លងកូវីដ១៩ និងថវិកាមួយចំនួនផងដែរ ដើម្បីសម្រួលក្នុងការធ្វើដំណើរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram