ដ្បិតរស់ក្រោមមេឃតែមួយ តែមានវាសនាខុសគ្នា ១៧គ្រួសាររើសអេតចាយចិញ្ចឹមជីវិត….

រាជធានីភ្នំពេញ ៖ ទោះបីជាបច្ចុប្បន្នប្រទេសជាតិ ស្ថិតក្នុងការអភិវឌ្ឍជឿនលឿន ឆាប់រហ័ស និងធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានការប្រែប្រួលខុសឆ្ងាយពី៤២ឆ្នាំមុន ដែលម្នាក់ៗមានតែបាតដៃទទេ និងរួចផុតពីសេចក្តីស្លាប់បានតស៊ូប្រឹងប្រែងដើម្បីរស់ ហើយអ្នកខ្លះក៏បានជោគជ័យក្នុងជីវិតរកស៊ីមានបាន សមប្រកបខ្លាំងយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្ននេះនៅតែមានពលរដ្ឋមួយចំនួន កំពុងរស់នៅក្នុងភាពខ្វះមុខខ្វះក្រោយ ឬហៅបានថា ស្ថិតក្នុងកម្រិតជីវភាពក្រីក្រ វេទនាបំផុតក៏មានដែរ ។ក្រុមប្រជាពលរដ្ឋ១៧គ្រួសារដែលពួកគាត់សុទ្ធសឹងតែប្រកបមុខរបរ ជាអ្នកដើររើសអេតចាយ សម្រាប់ចិញ្ចឹមជីវិតកំពុងរស់នៅស្ថិតក្នុងកម្រិតជីវភាពតោកយ៉ាកបំផុតផងដែរ គឺរកមួយថ្ងៃបានហូបតែមួយថ្ងៃប៉ុណ្ណោះ គ្មានសល់លុយកាក់អ្វីឡើយ ។ ពលរដ្ឋក្រីក្រទាំង១៧គ្រួសារនេះរស់នៅក្នុងខ្ទមតូចៗ ដែលសង់ឡើងពីឈើប្រក់ស័ង្កសី នៅក្នុងក្រុមទី១ ភូមិសន្សំកុសល៦ (ខាងក្រោយអតីតភោជនីយដ្ឋាន ម្លប់ស្វាយលាក់ខ្លួន) ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទីតាំងដីដែលពួកគេកំពុងស្នាក់អាស្រ័យរស់នៅនោះ គឺជាដីជួលគេ តែពួកគេពុំមែនជាអ្នកបង់ថ្លៃជួលដីនេះឡើយ គឺមានបុរសជាអ្នករកស៊ីទិញអេតចាយម្នាក់ជាអ្នកជួលជំនួសដើម្បីអាចឱ្យពួកគេរស់នៅ ។បុរសរូបនោះឈ្មោះ ឆាង ហុល អាយុ៥០ឆ្នាំ ស្នាក់នៅលើដីជួលខាងលើជាមួយពលរដ្ឋទាំង១៧គ្រួសារ ដែលមានស្រុកកំណើតនៅភូមិត្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ បុរសជាអ្នកជួលដីរូបនេះ គឺជាអ្នកស្រុកកំណើតជាមួយនឹងពលរដ្ឋក្រីក្រទាំង១៧គ្រួសារខាងលើនេះដែរ ។ជួបជាមួយកោះសន្តិភាព បុរសជាអ្នកជួលដីឱ្យដឹងថា គាត់បានមករស់នៅលើដីខាងលើនេះអស់រយៈពេល៣ឆ្នាំហើយ ដោយជួលក្នុងតម្លៃ២០០ដុល្លារក្នុងមួយខែ ។ ដំបូងឡើយគាត់និងពលរដ្ឋប្រមាណ តែ២ទៅ៣គ្រួសារប៉ុណ្ណោះ ក្នុងចំណោម១៧គ្រួសារខាងលើ បានរស់នៅលើដីនេះមុនគេ ។ ក្នុងនោះបុរសដែលជាអ្នកជួលដីបានអនុញ្ញាតឱ្យពលរដ្ឋទាំងនោះរស់នៅ ពុំគិតប្រាក់ឡើយ ដោយឱ្យពួកគេសាងសង់ខ្ទមសមល្មមគ្រាន់រស់នៅដោយខ្លួនឯង ហើយជួយចេញតែថ្លៃទឹក និងភ្លើងក្នុង១ថ្ងៃ ចន្លោះពី៣.០០០រៀលទៅ៤.០០០រៀលប៉ុណ្ណោះ ដើម្បីជាថ្លៃប្រើប្រាស់រស់នៅជាប្រចាំរបស់ពួកគេព្រោះបុរសជាអ្នកជួលដីក៏សុំតទឹក និងភ្លើងមកពីគេដែរ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងចែកដល់បងប្អូនដែរ ។

គាត់បន្តថា មូលហេតុដែលគាត់មិនគិតលុយថ្លៃជួលដីស្នាក់នៅពីបងប្អូនខាងលើ គឺដោយសារជាអ្នកភូមិផងរបងរស់នៅស្រុកកំណើតជាមួយគ្នា ។ ម្យ៉ាងវិញទៀត ពួកគេគឺជាអ្នករកទិញ ឬដើររើសអេតចាយពីខាងក្រៅ រួចយកមកលក់ឱ្យគាត់បានចំណេញប្រាក់ខ្លះដែរ ទើបគាត់សុខចិត្តចំណាយថ្លៃដីជួយបងប្អូនស្នាក់នៅតែម្តង ។ ម្យ៉ាងគាត់និងគ្រួសារក៏បានបើកតូបលក់គ្រឿងទេសតូចមួយនៅលើដីខាងលើ គ្រាន់ចំណេញបានប្រាក់ខ្លះបន្ថែម ។ គាត់ថា ពីអតីតកាលមានតែប៉ុន្មានគ្រួសារ២-៣ប៉ុណ្ណោះ ។ លុះក្រោយមក ដោយសារតែមានបងប្អូនដែលពុំមានការងារធ្វើ រស់នៅស្រុកកំណើតជាមួយ បានមកសុំដីដើម្បីស្នាក់នៅ និងប្រកបរបររដើររើសអេតចាយនោះ គាត់ក៏ចេះតែយោគយល់ និងបានឯកភាពឱ្យពួកគេមករស់នៅលើដីខាងលើ រហូតកើនដល់១៧គ្រួសារមកទល់នឹងបច្ចុប្បន្ននេះតែម្តង ។ស្ត្រីរស់នៅតំបន់ខាងលើម្នាក់ មានឈ្មោះ អាំ ផល្លាក់ អាយុ៣៩ឆ្នាំ មុខរបរជាអ្នកលក់ក្រអៅឈូក និងមានប្តីជាអ្នករើសអេតចាយ បានរៀបរាប់ថា បច្ចុប្បន្នគាត់និងប្តីនាំគ្នាប្រឹងទាំងយប់ថ្ងៃសឹងតែមិនបានដេកពួន ដើម្បីប្រឹងរកលុយចិញ្ចឹមជីវិតនិងចិញ្ចឹមកូនៗដែលបានមកពីការខិតខំបេះក្រអៅឈូកយកទៅលក់ និងខំរើសអេតចាយ ។ បច្ចុប្បន្នគាត់មានកូន៧នាក់ក្នុងបន្ទុក កូនប្រុស២នាក់ ស្រី៥នាក់ ដែលកូនទាំង៧របស់ពួកគេសុទ្ធតែនៅតូចៗមួយឆ្នាំមួយ ស្ថិតក្រោមការចិញ្ចឹមរបស់ឪពុកម្តាយ លើកលែងតែកូនប្រុសច្បងប៉ុណ្ណោះ អាយុ១៨ឆ្នាំ ជួយចេញដើររើសអេតចាយជាមួយឪពុក គ្រាន់បានលុយកាក់ខ្លះមកផ្គត់ផ្គង់ជីវភាពគ្រួសារ ។

គាត់ថាប្រាក់កម្រៃសរុបដែលបានពីការរើសអេតចាយ និងលក់ក្រអៅឈូករបស់គ្រួសារគាត់នេះ គឺរកបានត្រឹមតែ៥ម៉ឺនរៀលក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយក្នុងមួយថ្ងៃ ពួកគេចំណាយអស់ពី៣ទៅ៤ម៉ឺនរៀលទៅហើយ ក្នុងការហូបចុកជាប្រចាំ ឯការស្វែងរកប្រាក់ពីសំរាមគឺលំបាកណាស់ ។ គាត់ថាកូនៗទាំងអស់របស់គាត់ដែលមានអាយុអាចចូលរៀនបាន គឺពួកគេពុំបានចូលរៀននៅតាមសាលារដ្ឋឡើយ ពោលគឺនាំគ្នាទៅរៀននៅសាលា យ៉េស៊ូ ដែលនៅក្បែរផ្ទះប៉ុណ្ណោះ ព្រោះមិនអស់លុយកាក់ ដោយមានពេលខ្លះអាចទទួលបានអង្ករ ឬគ្រឿងហូបចុកមួយចំនួនមកវិញ ដើម្បីទុកគ្រាន់ហូបផងដែរ ។សូមបញ្ជាក់ថា ពលរដ្ឋក្រីក្រទាំង១៧គ្រួសាររស់នៅដីជួលខាងលើ តែងនាំគ្នាចេញទៅរើសអេតចាយ២វេន គឺបើអ្នករើសព្រឹកគឺពីម៉ោង៧ ដល់ម៉ោង១១ថ្ងៃត្រង់បន្ទាប់មកពួកគេត្រឡប់ចូលហូបបាយនៅផ្ទះវិញ ។ លុះពេលរសៀល គឺចាប់ចេញទៅរើសពីម៉ោង២ដល់ម៉ោង៦ល្ងាច ។ ដោយពួកគេមានរទេះអេតចាយផ្ទាល់ខ្លួនអូសទៅរើសតាមទីសាធារណៈ ឬនៅតាមគំនរសំរាមដែលគេគរចោលជាដើម កាយរកគ្រឿងអេតចាយ យកទៅលក់ដើម្បីយកលុយចិញ្ចឹមជីវិត ។ពលរដ្ឋមួយគ្រួសារទៀតដែលមានស្ត្រីចំណាស់ម្នាក់ជាមេគ្រួសារមានឈ្មោះ យៀ ឡយ អាយុ៥២ឆ្នាំ បានប្រាប់កោះសន្តិភាពឱ្យដឹងថា បច្ចុប្បន្ន គាត់រស់នៅជុំគ្នាជាមួយកូនស្រីបង្កើតម្នាក់ កូនប្រសាប្រុសម្នាក់ និងចៅប្រុសស្រី៤នាក់ ដោយកូនស្រីគាត់

និងកូនប្រសាជាអ្នកចេញរើសអេតចាយនៅពេលយប់ ។ កូនស្រីរបស់គាត់មាន មុខរបរជាកម្មករសិប្បកម្មកាត់ដេរតូចមួយនៅក្នុងភូមិ ដោយទៅធ្វើការពេលព្រឹក ពេលល្ងាចទើបចេញត្រឡប់ទៅផ្ទះ ។បុរសជាប្តីជាអ្នកស៊ីឈ្នួលកាប់គោឱ្យគេ ។ ដោយសារតែចំណូលរបស់ពួកគេទាំង២នាក់ មិនអាចទប់ជាប់នឹងការហូបចុកក្នុងគ្រួសារបាននោះ ប្តីប្រពន្ធទាំង២នាក់ បាននាំគ្នាចេញរើសអេតចាយនៅពេលយប់បន្ថែមដើម្បីគ្រាន់បានកម្រៃខ្លះយកមកផ្គត់ផ្គង់គ្រួសារ ដែលមានម្តាយចំណាស់ និងកូនៗតូច៤នាក់ ក្នុងនោះមានកូនប្រុសម្នាក់ ទើបតែអាយុ២ខួបប៉ុណ្ណោះ ។ស្ត្រីចំណាស់ជាម្តាយបញ្ជាក់ថា គាត់ចាស់ហើយមិនបានជួយរកអ្វីជួយគ្រួសារដូចកូនៗឡើយ ដោយគាត់បានត្រឹមតែជួយមើលចៅទាំង៤ ដើម្បីអាចឱ្យឪពុកម្តាយរបស់គេចេញទៅរកលុយប៉ុណ្ណោះ ។ បើគិតដល់ចំណូលប្រចាំថ្ងៃវិញ គឺអាចរកបានតែពី៦ទៅ៧ម៉ឺន ដែលចំណូលនេះបានត្រឹមតែលើការហូបចុកនិងស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើងប៉ុណ្ណោះ ។ ដោយឡែកនៅពេលកូនចៅ ឬសមាជិកក្នុងគ្រួសារ មានអ្នកណាឈឺស្កាត់ម្តងៗ គឺមានតែដើរខ្ជីបុលប្រាក់កាសគេដើម្បីយកទៅមើលជំងឺ លុះពេលរកបានក៏សងគេវិញតាមយថាកម្ម ។

ក្រោយស្តាប់សម្តី និងការៀបរាប់ត្អូញត្អែរពីភាពលំបាករបស់ពលរដ្ឋ ទាំង២គ្រួសារខាងលើរួចមក លោក ឆាង ហុល ដែលជាអ្នកជួលដីឱ្យពលរដ្ឋទាំង១៧គ្រួសាររស់នៅបានបញ្ជាក់ថា ពលរដ្ឋដទៃផ្សេងៗទៀត ក៏ជួបបញ្ហាបែបនេះដូចៗគ្នាទាំងអស់ គ្មានគ្រួសារណាលើសគ្នាប៉ុន្មាននោះទេ គឹសុទ្ធតែក្រីក្រលំបាកបែបនេះឯង ។

ម្យ៉ាងវិញទៀតសមាជិក ពិសេសគឺកូនចៅក្នុងគ្រួសាររបស់ពួកគេនីមួយៗ គឺមានចម្លោះចាប់ពី៤ដល់៧នាក់ឯណោះដែលគេជាអ្នកក្រកូនច្រើនមិនខុសទេ ធ្វើឱ្យអ្នកដែលជាមេគ្រួសារពិបាកក្នុងការខិតខំរកលុយចិញ្ចឹមគ្រួសារបំផុត ។ សូមបញ្ជាក់ថា ពលរដ្ឋ១៧គ្រួសារខាងលើ គឺសុទ្ធតែមានប័ណ្ណជនក្រីក្រទាំងអស់ ប៉ុន្តែប័ណ្ណរបស់ពួកគេគឺសុទ្ធតែទុកនៅស្រុកកំណើតឯខេត្តព្រៃវែង ។ការមករស់នៅរាជធានីភ្នំពេញ គឺពុំមានប័ណ្ណក្រីក្រ ឬលិខិតសម្គាល់អ្វីផ្សេងពីអាជ្ញាធរ ដើម្បីអាចឱ្យពួកគេទៅមន្ទីរពេទ្យទទួលសេវាពិនិត្យជំងឺដោយឥតគិតលុយ ក្នុងនាមជនក្រីក្រឡើយ ។

ជុំវិញការរស់នៅរបស់ពួកគេអស់រយៈពេលជិត៣ឆ្នាំកន្លងទៅនេះ គឺពុំដែលឃើញមានក្រុមអាជ្ញាធរសង្កាត់-ខណ្ឌ ពិសេសថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងៗចុះទៅសួរសុខទុក្ខ ឬអើពើសួរនាំពីការរស់នៅក្នុងស្ថានភាពក្រីក្ររបស់ពួកគេឡើយ នេះបើតាមការអះអាងពីបុរសដែលជួលដី និងពលរដ្ឋនៅទីនោះជាក់ស្តែង ។ក្រុមពលរដ្ឋបន្តថា ពួកគេធ្លាប់ទទួលបានតែម្តងប៉ុណ្ណោះ ពីអនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ប៉ុន្តែគ្រានោះ ដោយសារភ្លើងឆេះខ្ទមស្នាក់នៅរបស់ពួកគេ៥ខ្ទម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅអស់ហ្មត់ទាំងស្រុងទៅហើយ ទើបឃើញវត្តមានអាជ្ញាធរចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ។

ក្រោយខ្ទមស្នាក់របស់ពួកគេត្រូវបានឆាបឆេះអស់ហើយនោះ ពួកគេពុំមានលទ្ធភាពសាងសង់ថ្មីឡើយ តែជាសំណាងល្អ មានអង្គភាពយ៉េស៊ូមួយកន្លែងដែលមានទីតាំងនៅក្បែរនោះ គេមានក្តីអាណិតអាសូរដល់ពួកគេក៏បានចំណាយថវិកាជួយសាងសង់ខ្ទមឡើងវិញ ដោយសង់ឡើងពីឈើប្រក់ស័ង្កសីសម្រាប់ពួកគេរស់នៅបន្តតាំងពីពេលនោះ មកទល់នឹងបច្ចុប្បន្ន គឺរស់នៅដើម្បីត្រដររស់តាមយថាកម្ម ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram