បុរសជនជាតិចិនស្រវឹងស្រាជោគជាំបើករថយន្តក្នុងលឿនហោះទៅបុករះខឿនផ្លូវនិងបង្គោលប៉ាណូក្រឡាប់ផ្ងាជើង (ព័ត៌មានបឋម)…

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគបើករថយន្តCRVមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះជ្រុលចង្កូតទៅបុករះខឿនផ្លូវនិងដើមផ្កាបាក់អស់ច្រើនដើមរួចបន្តទៅបុកបង្គូលប៉ាណូមួយដើមបាក់រាបដល់ដី រថយន្តក្រឡាប់ផ្ងាជើងច្រងាង ចំណែកតៃកុងជាប់ក្នុងរថយន្តសំណាងល្អរងរបួសស្រាល។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០២: ១០នាទីយប់រំលងអាធ្រាត្រថ្ងៃទី ០៧ឈានចូលថ្ងៃទី០៨ ខែមករាឆ្នាំ២០២១ នេះដែលស្ថិតនៅតាមបណ្ដោយផ្លូវណតប្រីត ចំណុចមុខការាស់សាំង ptt ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តCRVមួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AD-0027 ធ្វើដំណើរទិសដៅពីជើងទៅត្បូងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនផ្លូវបាក់អស់មួយផ្ទាំង រួចឡើងសួនផ្លូវបុកដើមផ្ការបាក់អស់ជាច្រើនដើមរួចឆ្លងផ្លូវទៅផ្លូវម្ខាងទៀត ប្រមាណជាង៥០ ម៉ែត្រ រេចង្កូតមកខាងស្ដាំដៃបន្តឡើងលើសួនផ្លូវបុកបង្គូលប៉ាណូមួយដើមបាក់រាបដល់ដី រីឯរថយន្តក្រឡាប់ផ្ងារជើងច្រងាង តៃកុងជាប់ក្នុងរថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយទាញចេញពីរថយន្តសំណាងល្អរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram