ជួបសំណេះសំណាល លើកទឹកចិត្តក្រុមគ្រូពេទ្យប្រឆាំងជំងឺកូវីដ-១៩…

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងបំពេញបេសកកម្ម នៅមណ្ឌលចត្តាឡីស័ក ផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងប៉ៃលិន។លោស្រី បាន ស្រីមុំ អភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជូនដល់បងប្អូនពលករ ដែលទើបនឹងឆ្លងដែនមកពីប្រទេសថៃ ដោយធ្វើយ៉ាងណា គោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ឱ្យបានជាប់លាប់ គឺអ្នកដែលទើបនឹងមកពីក្រៅប្រទេស ត្រូវតែនៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន ចាំបន្តទៅជួបក្រុមគ្រួសារ។

ចំពោះអ្នកដែលឆ្លងជំងឺនេះ គឺត្រូវនៅបន្តព្យាបាល រហូតដល់ជាសះស្បើយ ទើបអាចចេញពីមណ្ឌលចត្តាឡីស័កបាន ពីព្រោះកាលណាបើយើងធ្វេសប្រហែសនោះ គឺវាអាចនឹងមានការឆ្លងចូលដល់សហគមន៍នឹងមានហានិភ័យខ្លាំងបំផុត។លោកស្រីអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលមានការលះបង់ដ៏ធំធេង សម្រាប់ការចូលរួមប្រឆាំងនឹងជំងឺកូវីដ-១៩ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ឲ្យថែរក្សាការពារសុខភាព និងសុវត្ថិភាពខ្លួនឯងសិន មុននឹងចូលព្យាបាលជូនអ្នកជំងឺ។

សូមរម្លឹកថា នៅខេត្តប៉ៃលិន មានពលករខ្មែរ ឆ្លងដែនមកថៃ រកឃើញឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ អ្នកទាំងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram