ស្រ្ដីម្នាក់ នាំកូនបុរសស្រីទៅលេងផ្ទះអ៊ំ លង់ទឹកស្លាប់ទាំង២…
ខេត្តស្វាយរៀង៖ ស្រ្ដីម្នាក់បាននាំកូនប្រុសស្រីរបស់នាងចំនួន២នាក់ មកលេងផ្ទះបងប្អូន ហើយរវល់តែជជែកគ្នាលេងភ្លេចខ្លួន ស្រាប់តែកូនទាំង២នាក់នោះ រត់ទៅលេងទឹក បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។

មន្រ្ដីនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ក្មេងដែលលង់ស្លាប់ រួមមាន ទី១-ឈ្មោះ សិរី រាជ ភេទប្រុស អាយុ៣ឆ្នាំ និង៦ខែ និងទី២-ឈ្មោះ ចាន់ ណាណង ភេទស្រីអាយុ២ឆ្នាំ។ ពួកគេទាំង២នាក់រស់នៅជាមួយនឹងឪពុកម្ដាយ មានលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងបានយកកូនប្រុសស្រីទាំងពីរនាក់ មកលេងផ្ទះអ៊ំ នៅភូមិថ្នល់ សង្កាត់ចេក ក្រុងស្វាយរៀង ហើយពួកគេបានរត់លេងធម្មតាតាមរបៀបក្មេងៗ។ ស្របពេលនោះ នាងបាននៅនិយាយគ្នាលេងជាមួយនឹងបងប្អូន។ ដោយឡែកកូនទាំង២បាននាំគ្នារត់ ដេញគ្នាលេងនៅខាងក្រោយផ្ទះ ដែលនៅខាងក្រោយវិទ្យាល័យចេក។ លុះមួយសន្ទុះក្រោយមក ក៏មិនឃើញកូនៗរបស់នាង។

ស្រ្ដីជាម្ដាយបានបន្ដថា ក្រោយពេលបាត់សំឡេងកូន ទើបនាងដើររក ហើយស្រែកហៅ។ ប៉ុន្ដែ មិនមានសំឡេងឆ្លើយតប ទើបគាត់ដើរទៅកាន់មាត់ស្រះ ស្រាប់តែប្រទះឃើញពួកគេលង់ទឹកស្រះ បង្កឲ្យការភ្ញាក់ផ្អើលឡើយង នាំគ្នាប្រញាប់ប្រញាល់ លើកស្រង់ដាក់មកលើគោក និងធ្វើចលនាបេះដូង តែអ្វីវាបានហួសពេលទៅហើយ។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យះ ហើយបញ្ជាក់ថា ក្មេងទាំង២នាក់នេះ ពិតជាបានស្លាប់ ដោយសារការលង់ទឹកប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពក្មេងទាំងពីរនាក់នេះ ទៅឲ្យក្រុមគ្រួសារយកដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ទាំងសោកសង្រេងបំផុត ពីអាណាព្យាបាល៕
